(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលបានបង្រ្កាបជាបន្តបន្ទាប់ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងក្រើនរំ លឹកដល់គ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវធ្វើការស៊ើបអង្កេតស្រាវជ្រាវនូវបទល្មើសគ្រឿងញៀនឲ្យដូចជា ភ្លៀងរលឹម ព្រោះគ្រឿងញៀនជាដើមចម នៃបទល្មើស ចោរលួច ឆក់ប្លន់ អំពើហិង្សា បង្កឲ្យអសន្តិសុខសង្គម។
លោកអធិការស្រុកបន្តថា ជាលទ្ធនៅវេលាម៉ោង៦៖១០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលអធិការដ្ឋានស្រុកម៉ាឡៃ បានធ្វើការត្រួតរដ្ឋបាលភូមិសាស្ត្រ នៅចំណុចវត្តរតនៈម៉ាឡៃ លើផ្លូវជាតិលេខ៥៩ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញមុខសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ តាំង ចន្ធូ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មកររស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
*ទី២៖ ឈ្មោះ សោម ច័ន្ទចំប៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកម្មកររស់នៅភូមិថ្មរមាល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
*ទី៣៖ ឈ្មោះ ទេស រ៉ូស្សា ហៅ មុំ ភេទស្រី អាយុ២៥ឆ្នាំ មុខរបររៀនសំអាងការ រស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី។
លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានឲ្យដឹងថា ការបង្រ្កាបនេះ សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ច្រកក្នុងថង់ពណ៌ស រុំស្គុត និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួន៣,៩៦៧ ក្នុងនោះ ថ្នាំពណ៌លឿងចំនួន៣៩គ្រាប់ និងដកហូតសម្ភាររួមមាន៖ ទូរស័ព្ទដៃរ ចំនួន ៣គ្រឿង ម៉ាក oppo ២គ្រឿង Nokia ១គ្រឿង។
លោកស្នងការខេត្ត បានបន្តថា យោងតាមចម្លើយសារភាពរបស់ឈ្មោះ តាំង ចាន់ធូ កម្លាំងនគរបាលស្រុកម៉ាឡៃ បន្តទៅបង្រ្កាបមុខសញ្ញាពាក់ព័ន្ធម្នាក់ទៀតឈ្មោះ កែ រិន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកអធិការបានបញ្ជាក់ថា មុខសញ្ញាប្រុស-ស្រីទាំង៤នាក់នេះ គឺធ្លាប់ជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរៀងរាល នៅតែប្រព្រឹត្តត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅពន្ធនាការម្តងទៀត។
ពេលនេះកំពុងតែរៀបចំសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕