(ស្វាយរៀង)៖ ទោះបីមានបទបញ្ជាពីអភិបាលខេត្តស្វាយរៀង ឲ្យអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដែលឆ្លងកាត់នៅលើផ្លូវជាតិផ្លូវលំជនបទក៏ដោយ តែបទបញ្ជានេះមិនត្រូវបានអាជ្ញាធរស្រុកកំពង់រោទិ៍ ក៏ដូចជាសមត្ថកិច្ចនៅច្រករបៀងសំយ៉ោង ឃុំសំយ៉ោង មិនយកចិត្តដាក់ទុកដាក់នោះទេ។
ជាក់ស្តែងកាលវេលាម៉ោងប្រហែល៩នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ គេឃើញមានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៨ទៅ៩គ្រឿង ផ្ទុកដែកអេតចាយ សង្ស័យថា មានអ្វីពិសេសហើយទើបបើកឆ្លងដែនប៉ុស្តិ៍របៀងព្រំដែនសំយ៉ោង ស្ថិតនៅភូមិឬស្សីលៀប ឃុំសំយ៉ោង ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីផ្ទេរទំនិញជាដែកអេតចាយ ដាក់រថយន្តពាក់ស្លាកលេខវៀតណាមផ្សេង ចេញទៅវៀតណាមទាំងកណ្តាលថ្ងៃ និងយប់អាធ្រាត្រ ដោយមានសមត្ថកិច្ចឈរជើងនៅទីនោះ ចាំឈរការពារ និងបើកបារ៉ាស់ជូនដំណើរឲ្យទៀតផង។
ពាក់ព័ន្ធទៅនឹងក្រុមរថយន្តដឹកទំនិញជាដែកអេតចាយ ដែលនិយមឆ្លងដែនទៅប្រទេសវៀតណាម នាពេលយប់នេះ ក្រុមអ្នកយកព័ត៌មាន ពុំអាចទាក់ទងលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោងបានទេ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ ដោយសារគ្មានប្រភពទាក់ទងបានទេ។
ក៏ប៉ុន្តែបើតាមសមត្ថកិច្ច រថយន្តទាំងអស់នេះមានទំនិញ ជាដែកអេតចាយ ពុំមានអ្វីសំខាន់នោះទេ ហើយក៏គ្មានខុសច្បាប់ដែរ ព្រោះសង្ស័យមានអ្នករត់ការផ្លូវអស់ហើយ គេបង់លុយសមត្ថកិច្ច គ្រប់ស្ថាប័នរួចរាល់អស់ហើយ។
ដោយឡែក ពលរដ្ឋក៏ដូចជា ក្រសែភ្នែករបស់មហាជនដែលរស់នៅតំបន់នោះ ចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា មិនថាពេលប្រលប់ៗ ឬពេលថ្ងៃទេ តែងតែមានរថយន្តធំៗផ្ទុកទំនិញដែកអេតចាយ ដឹកឆ្លងដែនតាមច្រករបៀងព្រំដែនសំយ៉ោងនេះ រហូតមិនដឹងថា រថយន្តទាំងដឹកលើសទំងន់ ឬអត់នោះទេ ពីព្រោះថា ជាធម្មតាចំពោះផ្លូវលំគេអនុញ្ញាតឱ្យដឹកមិនលើសពី១៥តោននោះឡើយ ដោយគិតរួមទាំងទម្ងន់របស់រថយន្តផងនោះ បើមិនដូច្នេះទេច្បាស់ជារលាយផ្លវលំអស់ជាក់ជាពុំខានឡើយ។
ពាក់ព័ន្ធការរិះគន់នេះភ្នាក់ងារព័ត៌មានអង្គភាព Fresh News មិនអាចរកការបំភ្លឺពីលោក សុច ពិសី អភិបាលស្រុកបានទេ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះទេ៕