(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យកុមារជាតិលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឆ្នាំ២០១៨ ទៅលើការពិនិត្យព្យាបាលជំងឺក្រៅមានចំនួន ១២៤,៩២៧ករណី កើនឡើងជាងឆ្នាំ២០១៧ ១៧% ដែលមានត្រឹមតែ៩៥,៦៣១ករណី សម្រាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏មានកើនឡើងរហូតដល់ទៅ៥៨% បើធៀបទៅឆ្នាំ២០១៧ មានចំនួន ១៩,២២២ករណី សម្រាប់ឆ្នាំ២០១៨ មាន៣០,៥៤៧ករណី។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសបើកសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៨ និងដាក់ទិសដៅឆ្នាំ២០១៩ របស់មន្ទីរកុមារជាតិ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
លោកវេជ្ជបណ្ឌិត ញឹក អង្គាបុស្ស បានថ្លែងបញ្ជាក់ថា «អត្រាប្រើបា្រស់គ្រែ កើនដល់១៥៩% ករណីនេះមកពីការរាតត្បាតជំងឺគ្រុនឈាមនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ, សេវាវិទ្យុសាស្ដ្រមាន ការកើនឡើងពី ៣៥% លើសពីឆ្នាំ២០១៧, ស៊ីធីស្គែនមានចំនួន៣៥៥ករណី នៅឆ្នាំ២០១៨ គួរកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ មិនមានស៊ីធីស្គេននោះទេ។ ការពិនិត្យ និងវិភាគសរុប នៅមន្ទីរពិសោធន៍កើនឡើង៦០% បើប្រៀបធៀបនឹងឆ្នាំ២០១៧ មាន១១៦,១៤៣តេស្ដ ជាមួយនឹងឆ្នាំ២០១៨ មាន១៨៥,២៩៨តេស្ដ។ ជាមួយគ្នានេះ មន្ទីរពេទ្យកុមារជាតិ ក៏បានចូលរួមក្នុងការងារបង្ការ តាមរយៈការផ្ដល់វ៉ាក់សាំងបង្ការ ជូនកុមារកើនឡើង១៥% សេវាព្យាបាលដោយចលនា កើនឡើងបាន ២៣% បើបៀបធៀបទៅនឹងឆ្នាំ២០១៧។
លើសពីនោះ ឆ្នាំ២០១៨ មន្ទីរពេទ្យបានបង្កើនចំនួន ៣០០គ្រែ និងបានពង្រឹងផ្នែកឯកទេស ដូចជា ត្រចៀក ចម្រុះ បំពង់ករ អង់ដូគ្រីន តម្រងនោម មហារីកកុមារ សើរស្បែក និងជំងឺផ្សេងៗទៀត។ ពិសេសមានគម្រោងបង្កើតផ្នែកសម្ពពមួយ ដែលមានគ្រែចំនួន៤០គ្រែ ដើម្បីចូលរួមកាត់បន្ថយអត្រានៃផលវិបាក ក្រោយពេលកើត ឬកាត់បន្ថយមរណៈភាពទារក ទើបនឹងកើតនាឆ្នាំ២០១៩នេះ។
នាយកមន្ទីរពេទ្យរូបនេះបានថ្លែងបន្ដថា «ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្ដ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពលើវិស័យសុខាភិបាល រួមជាមួយនិងការគាំទ្រមិនចេះនឿយហត់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យ កុមារជាតិទាំងអស់ សូមធ្វើការប្ដេជ្ញាចិត្ដយ៉ាងក្លៀវក្លា ក្នុងការចូលរួមលើកកម្ពស់សេវារបស់មន្ទីរពេទ្យកុមារាជាតិ ទាំងបរិមាណ និងគុណភាព ដោយផ្ដោតជាពិសេសទៅលើក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឱ្យឈានទៅដល់កម្រិតបទដ្ឋានមួយដែលផ្ដល់នូវទំនុកចិត្ដខ្ពស់ពីប្រជាពលរដ្ឋ»។
ទន្ទឹមនឹងនោះ លោកស្រី គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងផងដែរថា «ទោះបីជាយើងទាំងអស់គ្នា បានមើលឃើញពីវឌ្ឍនភាព និងសមិទ្ធិផលរបស់មន្ទីរពេទ្យយើង ពីមួយថ្ងៃទៅមួយទៅ ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ មានការរីកចម្រើនគួរកត់សម្គាល់ក៏ដោយ ក៏កុមារកម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ នៃការឈឺ និងការស្លាប់នៅខ្ពស់នៅឡើយ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសជិតខាងរបស់យើង ដែលទាមទារឱ្យយើង ត្រូវតែបន្ដនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត»។
ក្នុងឱកាសនោះ លោកស្រី អនុរដ្ឋលេខាធិការសុខាភិបាល បានថ្លែងជំរុញផ្ដាំផ្ញើដល់គ្រូពេទ្យថា ក្នុងនាមជាគ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់ កត្ដាសំខាន់ចំនួន២ គឺសមត្ថភាព និងក្រមសីលធម៌ ព្រោះថា កត្ដាសមត្ថភាពសំខាន់ណាស់ ដែលថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ ឱ្យយកចិត្ដទុកខ្ពស់លើការងារ កសាងសមត្ថភាពនេះ។ ចំនុចទី២ គឺបញ្ហាក្រមសីលធម៌ ដែលមិនអាចខ្វះបាននោះឡើយ៕