(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។
វេទិកានេះមានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ វេទិកានេះមានការជជែកដោយបើកចំហររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នករកស៊ីនៅកម្ពុជាទៅបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចជាដើម ប្រមាណជាង៥ម៉ោង។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាដឹងគុណដ៏ស្មោះចំពោះជំនួយដ៏សប្បុរសរបស់ ដៃគូរអន្តរជាតិទាំងឡាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុគ្រោះ EBA មិនមានជាអចិន្ត្រៃយ៍នោះឡើយ ពោលវានឹងបាត់បង់នៅពេលកម្ពុជាចាកចេញពីប្រទេសក្រីក្រ និងអាចដើរបានដោយខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើកម្ពុជាបន្តទទួលបានផល EBA ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ក៏វាជាឧកាសល្អប្រសើរ ប៉ុន្តែដូចខ្ញុំបញ្ជាក់រឿយៗហើយថា កម្ពុជា មិនយកឯករាជ្យ ឬអធិបតេយ្យរបស់ខ្លួន ទៅដូរជំនួយបរទេសទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តទៅមុខទៀត កម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយដៃគូរសំខាន់ៗរបស់យើង ដោយឈរលើការគោរពឯករាជ្យគ្នា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះមាន ឬមិនមាន EBA កម្ពុជានៅតែបន្តដំណើរដោយស្វាហាប់ឆ្ពោះទៅកាន់អនាគតរបស់ខ្លួនដោយភ្លឺស្វាង ដោយមានសុខសន្តិភាព ស្ថេរភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា EU នៅតែជាដៃគូរសំខាន់របស់យើង ក្នុងចំណោមដៃគូសំខាន់ផ្សេងៗទៀត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងស្មារតីបុរេសកម្មភាព បានគិតគូរត្រៀមវិធានការ និងថវិកាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាដែលកើតមានជាយថហេតុ ហើយធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នេះ នឹងមានរយៈពេលច្រើនម៉ោង ពោលអាចបិទបញ្ចប់នៅក្រោយម៉ោង១២។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលខកខានការរៀបចំវេទិការាជរដ្ឋាភិបាល-វិស័យឯកជនតាំងពីឆ្នាំ២០១៤មកនោះ ដោយសារតែការងារត្រូវបានក្រុមការងារ ដោះស្រាយរួចរាល់ ដោយមិនមានការរាំងស្ទះនោះទេ។
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាកិច្ចចរចាគ្នារវាងភាគីកម្ពុជា និងតួកគីបានឈានទៅដល់ការព្រមព្រៀងគ្នា ហើយយកនាវាផលិតថាមពលអគ្គិសនីមកកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រ្តី និងក្រុមការងារទាំងអស់ដែលបានរួមគ្នាដោះស្រាយចែកទៅលើ បញ្ហាមួយចំនួននាពេលកន្លងមកដោយជោគជ័យ
* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ ២០១៨ កន្លងទៅកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកើនលើសការរំពឹងទុកក្នុងរង្វង់ជាង ៧ភាគរយ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណើនសេដ្ឋកិច្ចឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតផងនោះគឺដោយសារតែភាពរស់រវើកគ្រប់វិស័យទាំងអស់
* សម្ដេចតេជោ ហ៊ុន សែន ថាសមិទ្ធផលសេដ្ឋកិច្ចទាំងអស់នេះ គឺបានមកពីការចូលរួមរបស់អ្នកវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះខ្ញុំនឹងធ្វើការបូកសរុបរួមទាំងប្រកាសដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់មួយ ជាកញ្ចប់សំរាប់ដោះស្រាយឱ្យចំ នូវបញ្ហារចនាសម្ព័ន្ធភូមិឃុំ ក៏ដូចជាបញ្ហាប្រឈមជាក់ស្ដែងសំខាន់សំខាន់ផ្សេងទៀត ដែលបណ្ដាលវិនិយោគិន និងធុរកិច្ចជនកំពុងជួបប្រទះនៅក្នុងអាជីវកម្មរបស់ខ្លួន។
* សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យមានការបញ្ចុះតម្លៃនៅកំពង់ផែទាំងពីររបស់កម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះកម្ពុជាបានវិនិយោគលើការផលិតថាមពលអគ្គិសនីជាច្រើន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃអគ្គិសនីនឹងមានការចុះបន្ថែមទៀតនាពេលខាងមុខ
* សម្តេចតេជោ ហ៊ុន សែន ថានៅសប្តាហ៍ក្រោយនឹងមានកិច្ចប្រជុំគណ:រដ្ឋមន្ត្រី សម្រេចលើការសាងសាងកន្លែងផលិតថាមពលអគ្គិសនីមួយចំនួនទៀត។
* សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីការកែសម្រួលការបង់សេវាផ្សេងៗ វិស័យឯកជនចំណេញ ៤០០លានដុល្លារ ពីការចំណាយលើសេវាផ្សេងៗ។ សម្តេចតេជោ អះអាងថា តាមការកែសម្រួលនេះ ទោះបី EU មិនផ្តល់អនុគ្រោះពន្ធក៏កម្ពុជាមិនស្លាប់នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតរបស់កម្ពុជាឈឺចាប់ឆ្អែតឆ្អន់ហើយ ដូច្នេះមិនត្រូវបន្តឈឺចាប់ឱនក្បាលដាក់នរណាទៀតនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនណាដែលឱនក្បាលដើម្បី EBA មិនបាច់មកធ្វើជាមេដឹកនាំប្រទេសកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវដង្ហែតាមព្រះតម្រិះរបស់ព្រះបរមរតនកោដ្ឋ មិនត្រូវលក់អធិបតេយ្យជាតិ ឱនក្បាលដាក់បរទេសណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញពន្ធដារប្រមូលពន្ធបាន ១២០លានដុល្លារក្នុងមួយថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចមិនលក់ស្ថាប័នគយតាមសំណើរបស់បរទេសពីមុន គឺជាការសម្រេចចិត្តត្រឹមត្រូវ ព្រោះបច្ចុប្បន្នចំណូលពីគយជាចំណូលជាតិមិនបែងចែកឲ្យបរទេស។ បើសម្តេចស្តាប់តាមបរទេសណែនាំពីពេលមុននោះ កម្ពុជានឹងត្រូវបែងចែកចំណូលពីគយទៅឲ្យបរទេសហើយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការពិចារណកាត់បន្ថយថ្ងៃឈប់សម្រាក ដោយលើកយកថ្ងៃសម្រាកមួយថ្ងៃៗ ទៅបូកជាមួយថ្ងៃបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំបិណ្ឌ។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាត់បន្ថយការចុះធ្វើអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស។
* សម្តេចតេជោ ហ៊ុន សែន សម្រេចលុបថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃ។
* បុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ៣ថ្ងៃ លុបចោល២ថ្ងៃ។ កម្ពុជាយើងមានថ្ងៃឈប់សម្រាកចន្លោះពី ២៨ ទៅ ៣០ថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញអង្កររបស់សកម្ពុជានៅឆ្នាំនេះមានការកើនបើធៀបជាមួយឆ្នាំ២០១៨ ទោះ EU យកពន្ធក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកពន្ធលើអង្ករខ្មែរជារឿងគាំពារនិយម មិនមែនរឿង EBA នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែថា សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងពិចារណារៀបចំប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO។ សម្តេចតេជោថា ការយកពន្ធនេះព្រោះតែអង្ករអ៉ីតាលី ប្រកួតមិនឈ្នះអង្ករកម្ពុជា។
* ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យប្រើប្រាស់ឱ្យអស់សក្តានុពលចំពោះទីផ្សារកម្ពុជាមានស្រាប់សម្រាប់កសិផលរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចកែប្រែធានាគាអភិវឌ្ឍន៍ជនបទ ទៅជាធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ការកែប្រែនេះ ដើម្បីឲ្យធានាគារនេះចូលរួមអភិវឌ្ឍន៍កសិកម្ម។ សម្តេចតេជោ បានសម្រេចបន្ថែមទុន ៥០លានដុល្លារដល់ធានាគារនេះ។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចប់ការធ្វើអាជីវកម្មលើផ្លូវដែករបស់ក្រុមហ៊ុន Royal របស់អ្នកឧកញ៉ា គិត ម៉េង ដោយឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន រង់ចាំរកក្រុមហ៊ុនថ្មីមកវិនិយោគ ធ្វើឲ្យផ្លូវដែកកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបបញ្ចប់ការធ្វើអាជីវកម្មនេះ មិនមែនជាកំហុសរបស់ឧកញ៉ា គិត ម៉េង នោះទេ តែជាការរកវិធីធ្វើឲ្យប្រសើរលើផ្លូវដែករបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដេញថ្លៃវិនិយោគលើផ្លូវរថភ្លើងជាថ្មី គឺបើកចំហរឲ្យគ្រប់ក្រុមហ៊ុនចូលរួមដេញថ្លៃមិនមែនចងមុងដេញថ្លៃដូចមុនទៀតទេ។
* សម្តេចតេជោ បានបង្ហាញបង្ហាញការជឿជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា នឹងនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ចេញថវិកាទូទាត់សំណងជូនក្រុមហ៊ុនឧកញ៉ា គិត ម៉េង ក្រោយបញ្ចប់ការធ្វើអាជីវកម្មផ្លូវដែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមានប្រាក់បម្រុងក្នុងរតនគារប្រមាណ ៣,០០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើទៅឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្តល់ក្បាលម៉ាស៊ីនរថភ្លើង និងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យរថភ្លើងកម្ពុជាទាំងពីរទិសដឹកប្រជាពលរដ្ឋដោយមិនយកប្រាក់។
* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យប្រើប្រព័ន្ធស្វ័យប្រវត្តកម្មនៅតាមក្រសួងស្ថាប័ន្ធនានា។ សម្តេចតេជោ ហ៊ុន សែន សរសើរក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ និងជំរុញការប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់សេវារបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីសម្តេចដឹកនាំប្រទេសមក មិនដែលយកលុយបរទេសមកបើកប្រាក់ខែជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏នឹងពិចារណាចូលរួមកិច្ចព្រមព្រៀងដៃគូអន្តរ-ប៉ាស៊ីហ្វិក (TPP) បើប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមគ្នាចូលរួមក្នុងកិច្ចព្រមព្រៀងមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរបស់វិស័យឯកជន ដោយឲ្យក្រសួងស្ថាប័ននានាផ្តល់សេវាតាមប្រព័ន្ធអនឡាញ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពតាមសំណើររបស់វិស័យឯកជន ក្នុងការប្រឹងប្រែងទប់ស្កាត់មិនឲ្យមានបញ្ហាកូដកម្ម និងបាតុកម្មច្រើនពេក។
* សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពក្នុងការជំរុញគោលនយោបាយ E-commerce ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនមែនចង់បានត្រឹម E-commerce និង E-government នោះទេ តែក៏ចង់បាន E-people ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានឯកភាពឲ្យមានការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនឲ្យបានទៀងទាត់នៅឆ្នាំក្រោយៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញជំហរថា កម្ពុជាមិនត្រឹមតែមិនដកកងទ័ពមួកខៀវចេញពីបណ្តាប្រទេសនានានោះទេ ហើយមានតែមានផែនការបញ្ជូនទៅបន្ថែម។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់ប្រទេសដែលចង់ដាក់ទណ្ឌកម្មកម្ពុជាថា តើយល់យ៉ាងណាចំពោះកម្ពុជា ដែលកំពុងដើរតួនាទីរួមចំណែកក្នុងសកម្មភាពរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ខណៈប្រទេសមួយចំនួនដកខ្លួនថយ។ សម្តេចតេជោ ចោទសួរថា បើរាជរដ្ឋាភិបាលកម្ពុជាមិនស្របច្បាប់ តើកម្ពុជាអាចមានលទ្ធភាពកងទ័ពទៅឆាកអន្តរជាតិដែរទេ។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសក្រនៅក្នុងអាស៊ាន តែកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយអន្តរជាតិក្នុង សកម្មភាពមនុស្សធម៌តាមរយៈកងទ័ពមួកខៀវ។
* បន្ទាប់ពីថ្លែងជិត៥ម៉ោង, សម្តេចបានប្រកាសបិទបញ្ចប់ជាស្ថាពរ។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News.៕