(ភ្នំពេញ)៖ អ្នកស្រី ផាត់ ពៅ ជាម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា ដែលជាអតីតនិស្សិតទអាហារូបករណ៍សិក្សាឆ្នាំទី៤ នៃសាកលវិទ្យាល័យ «ផារ៉ាហ្គន» បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រី ដែលបានបើករថយន្តទៅបុកកូនស្រីរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមពាក្យបណ្តឹងរបស់សពម្តាយកញ្ញា ឌុំ រីដា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
តាមរយៈពាក្យបណ្តឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទោនៅចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយជនបង្កឈ្មោះ យិន ម៉ាណា បានបើកបរក្នុងល្បឿនយ៉ាងលឿន លើផ្លូវ៣១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវ៥២៨ រថយន្តនវ ពុំព្រមបន្ថយល្បឿន ហើយបានបុកម៉ូតូកូនស្រីនាខ្ញុំឈ្មោះ ឌុំ រីដា ទាំងកម្រោលដែលកំពុងធ្វើដំណើរយឺតៗ តាមបណ្តោយផ្លូវ៥២៨ បណ្តាលឲ្យប៉ើងផ្ទប់នឹងរបងផ្ទះនៅក្បែរនោះ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុយ៉ាងអាណោចអធមបំផុត។
ការដាក់ពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ក៏បានធ្វើឡើងតាមរយៈក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ក្រោមការដឹកនាំរបស់លោកមេធាវី គី តិច។ ក្រោយមួយថ្ងៃបន្ទាប់ពីហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ លោក គី តិច បានសម្រេចបញ្ជូនក្រុមមេធាវីទៅការពារ និងស្វែងរកយុត្តិធម៌ ជូនក្រុមគ្រួសារជនគ្រោះ ដែលកំពុងរៀបចំបុណ្យសពជូនកូនស្រី យ៉ាងសង្វែកនៅឯគេហដ្ឋាន។
ប្រធានក្រុមមេធាវីសម្តេចតេជោ លោក គី តិច បានថ្លែងថា ក្រុមមេធាវីដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន សម្រាប់ជួយដល់នារីរងគ្រោះទូទាំងប្រទេសនេះ សន្យានឹងជួយស្វែងរកយុត្តិធម៌ ជូននិស្សិតស្រីដែលរងគ្រោះឲ្យខានតែបាន។ ក្រៅពីទៅការពារក្តីក្រុមមេធាវី ក៏បានអញ្ជើញចូលរួមបុណ្យសពជាថវិកាចំនួន១លានរៀលផងដែរ នៅគេហដ្ឋានស្ថិតក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយនាង មានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ដែលបានលាក់ខ្លួន រយៈពេល៣ថ្ងៃមកហើយ ដោយឱ្យឪពុកចេញដោះស្រាយជំនួស។
នៅម៉ោងជាង១០ព្រឹកមិញ កញ្ញា យិន ម៉ាណា ត្រូវបានសមត្ថកិច្ចបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ ជនបង្កកំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការនៅឡើយ។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕