(ក្រចេះ)៖ លោក អ៊ុយ ភារក្យ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងលោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានថ្ម១កន្លែង និងផ្លូវបេតុង១ខ្សែ ឧបត្ថម្ភដោយលោក មិត្ត ឆៃយុត្តិ ប្រធានចលនាយុវជនកម្ពុជា (ក១៥៧) សាខាខេត្តក្រចេះ និងលោកស្រី។
ពិធីនេះក៏មានការចូលរួមអបអរសាទរពីសំណាក់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន ស ស យ ក យុវជនកាកបាទក្រហម យុវជនគណបក្ស យុវជនកាយរិទ្ធ និងយាយជីតាជីប្រមាណ៧០០នាក់ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ។
លោក សូម សារិត អភិបាលស្រុកសំបូរ បានឲ្យដឹងថា សមិទ្ធផលស្ពានថ្ម១កន្លែង និងផ្លូវបេតុង១ខ្សែ ចូលសាលាវិទ្យាល័យសុភបុរះសំបូរ និងចាក់ដីសាលាបឋមសិក្សាសំបូរ ក្រោមការឧបត្ថម្ភរបស់ លោក មិត្ត ឆៃយុត្តិ និងលោកស្រី ដែលចំណាយថវិកាអស់ចំនួន៣៥៨៦០ដុល្លារ។
លោកអភិបាលស្រុក បន្ដទៀតថា ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានថ្ម និងផ្លូវបេតុង១ខ្សែនេះ លោក មិត្ត ឆៃយុត្តិ និងលោកស្រី បានឧបត្ថមដល់សិស្សថ្នាក់ទី១២ ចំនួន១០៤នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៥០០០រៀល សិស្សកាកបាទក្រហមចំនួន៥០នាក់ ក្នុងម្នាក់ៗ១០០០០រៀល សិស្សកាយរិទ្ធចំនួន៥០នាក់ ក្នុងម្នាក់ៗ១០០០០រៀល យាយជី តាជី ចំនួន៥០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា៥០០០រៀល ប្រជាពលរដ្ឋចំនួន១៥០នាក់ ក្នុងម្នាក់ៗសារុង១ គ្រូបង្រៀនចំនួន៦២នាក់ ក្នុងម្នាក់ ១០០០០រៀល យុវជនសសយក ចំនួន២៥នាក់ ក្នុងម្នាក់ៗ ១០០០០រៀល យុវជនគណបក្សចំនួន២៥នាក់ ក្នុងម្នាក់ៗ ១០០០០រៀល ព្រះសង្ឃ៥អង្គ ក្នុង១អង្គស្លាដក់១ថវិកា ១០០០០០រៀល នគរបាលស្រុកសំបូរ ចំនួន ១០០០០០រៀល អាវុធហត្ថស្រុកសំបូរចំនួន ១០០០០០រៀល និងទិញសម្ភារប្រើប្រាស់ផ្សេងៗទៀត សរុបទាំងអស់៧,១៦៨,២០០រៀល៕