(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងអង្គការស៊ីប៉ា (SIPAR) នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលាថ្នាក់ជាតិ បូកសរុបលទ្ធផលការងារ៣ឆ្នាំ របស់គម្រោងបណ្ណាល័យ នៅក្នុងពន្ធនាគារ ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមធិបតីភាពរបស់លោកឧត្តមអាគានុរក្សថ្នាក់លេខ១ ព្រំ ចាន់នី តំណាងលោកសន្តិបណ្ឌិត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងដៃគូផ្តល់ជំនួយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាដៃគូសហការជាច្រើនរូប។

លោក ព្រំ ចាន់នី បានថ្លែងថា «ក្នុងនាមថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពន្ធនគារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះអង្គារ (SIPAR) ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រ ដល់អគ្គនាយកដ្ឋានពន្ធនាគារ ជាបន្តបន្ទាប់រយៈពេលកន្លងមក»

លោកបន្ដថា កិច្ចសហការឧបត្ថម្ភគាំទ្រពីអង្គការ Sipar ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យការអនុវត្តកម្មវិធីកំណែទម្រង់ ពន្ធនាគារទទួលបានជោគជ័យ និងជួយលើកស្ទួយដល់កម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងត្រៀមធ្វើសមាហរណកម្ម ទៅក្នុងសង្គមវិញប្រកប ដោយជំនាញវិជ្ជាជីវៈ និងជួយទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី។

ជាមួយគ្នានោះ លោកក៏បានលើកឡើងថា អង្គការ Sipar បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំឲ្យមានសេវាបណ្ណាល័យ នៅគ្រប់ពន្ធនាគារសម្រាប់ជនជាប់ឃុំ ចូលអាន និងខ្ចីសៀវភៅ យកទៅអាននៅក្នុងបន្ទប់ ដើម្បីផ្តល់ឱកាសឲ្យពួកគេ បានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងផ្ទាល់ខ្លួន និងកែប្រែខ្លួនក្លាយជាពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងកាត់បន្ថយការ ប្រព្រឹត្តបទល្មើសសារជាថ្មី។

លោក ព្រំ ចាន់នី បានបញ្ជាក់ថា ការអានសៀវភៅនេះ មានសារៈសំខាន់ ដូចខាងក្រោម៖

១៖ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយរយៈពេលខ្លី
២៖ កាត់បន្ថយការឡូឡា ឈ្លោះប្រកែកគ្នារវាងជនជាប់ឃុំ នៅក្នុងបន្ទប់ជាមួយគ្នា
៣៖ កាត់បន្ថយអារម្មណ៍ស្មុគស្មាញ ការនឹកគិតអំពីក្រុមគ្រួសារ
៤៖ កាត់បន្ថយការគិតរកល្បិច រត់គេចខ្លួនចេញពីពន្ធនាគារ
៥៖ ទទួលបានចំណេះដឹង តាមរយៈការអានសៀវភៅបានច្រើន
៦៖ ទទួលបានបរិយាកាស និងលំហែកាយខាងក្រៅបន្ទប់ឃុំឃាំង បានមួយរយៈខ្លី
៧៖ ធ្វើឲ្យអ្នកមានប្រាជ្ញាយើងវៀងវៃ និងយល់ដឹងពីអ្វីៗដែលថ្មីៗ
៨៖ អាចយកចំណេះដឹង ពីការអានសៀវភៅ ដើម្បីប្រើប្រាស់ជាប្រយោជន៍ នៅក្នុងជីវភាពរស់នៅ។

សូមបញ្ជាក់ថា អង្គការស៊ីប៉ា ជាអង្គការក្រៅរដ្ឋាភិបាលផ្នែកអប់រំ ដែលជាដៃគូរបស់ក្រសួងអប់រំ យុវជន និងកីឡា និង អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ ជាមួយនឹងបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យអំណានជិត៣០ឆ្នាំ អង្គការស៊ីប៉ា បាននិងកំពុងបន្តចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗចំនួន៤៖

* កម្មវិធីអភិវឌ្ឍន៍ បណ្ណាល័យសាលារៀន, * កម្មវិធីអភិវឌ្ឍន៍អំណានសម្រាប់ទាំងអស់គ្នា, * កម្មវិធីអភិវឌ្ឍន៍សេវាអប់រំ តាមទីជនបទ និង * កម្មវិធីបោះពុម្ពសៀវភៅ។ អង្គការស៊ីប៉ា ក៏បានពង្រីកបណ្តាញបណ្ណាល័យ និងបណ្ណាល័យចល័តនៅក្នុងបរិបទខុសៗគ្នា នៅទូទាំង២៥រាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជា៕