(ភ្នំពេញ)៖ លោក សុន សេងហួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់គោលនយោបាយ ដែលមានភាពងាយស្រួលចំពោះ ធុរកិច្ចក្នុងការសម្រួលភាពចូលទីផ្សារ សម្រាប់សហគ្រិន និងវិនិយោគិនបរទេស ធ្វើឱ្យវិស័យឯកជនរបស់កម្ពុជា មានការរីកចម្រើនទាក់ទាញការ វិនិយោគបរទេសដែលបង្កើតឱកាស សម្រាប់យុវជនកម្ពុជា ដើម្បីរួមចំណែកដល់កាអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ត និងនិរន្តរភាព។
ការលើកឡើងបែបនេះ របស់លោក សុន សេងហួត បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាតំណាងលោកលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការ «ផ្សព្វផ្សាយសៀវភៅសន្ទស្សន៍គោលនយោបាយសហគ្រាសធុនតូច និងមធ្យមអាស៊ាន ឆ្នាំ២០១៨» នៅរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ។
លោកអនុរដ្ឋលេខាធិការ បានថ្លែងយ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនេះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់គោលនយោបាយ ដែលមានភាពងាយស្រួលចំពោះធុរកិច្ច ក្នុងការសម្រួលភាព ចូលទីផ្សារ សម្រាប់សហគ្រិន និងវិនិយោគិនបរទេសធ្វើឱ្យវិស័យឯកជនរបស់កម្ពុជា មានការរីកចម្រើនទាក់ទាញការ វិនិយោគបរទេសដែលបង្កើតឱកាស សម្រាប់យុវជនកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ត និងនិរន្តរភាព»។
លោកបានបន្តថា មួយវិញទៀតតួនាទីសក្តានុពល នៃវិស័យឧស្សាហកម្ម ក្នុងការលើកកម្ពស់កំណើន និងការបង្កើតការងារថ្មីៗនៅក្នុងបរិបទ នៃសេដ្ឋកិច្ចបើកចំហដែល ជាភាគលាភប្រជាសាស្រ្ត និងការផ្លាស់ប្តូរចនាសម្ព័ន្ធធំៗដែលអំណោយផលសម្រាប់កំណើនឧស្សាហកម្ម។ តួនាទី សំខាន់នៃវិស័យឧស្សាហកម្ម ជាឧបករណ៍គោលនយោបាយមួយ ដើម្បីបង្កើនការអនុវត្តនៃវិស័យ សេដ្ឋកិច្ចស្នូល, ត្រូវបានគេជឿខ្លាំងថា នឹងជួយផ្តួចផ្តើមទាំងការធ្វើកំណែទម្រង់ រចនាសម្ព័ន្ធ និងការធ្វើកំណែទម្រង់អភិបាលកិច្ចនៃ ស្ថាប័នសេដ្ឋកិច្ចជាតិសំខាន់ក្នុងគោលបំណង ជំរុញផលិតភាពសេដ្ឋកិច្ច ក្នុងរយៈពេលវែង និងជៀសវាងការធ្លាក់ចូលទៅក្នុង «អន្ទាក់ប្រាក់ចំណូលមធ្យម»។
ចំពោះសិប្បកម្ម ឬសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យមអាចមានការអភិវឌ្ឍរីកចំរើន ទៅបានទាមទាមឱ្យមាននូវ គោលនយោយបាយ និងលិខិតបទដ្ឋានគតិយុត្ត នានាប្រកបដោយគុណភាព និងភាពវិជ្ជមាន ព្រមទាំងការអនុវត្ត ដ៏ប្រសិទ្ធិភាព ជាមួយនិងការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យមកវិនិយោគ ពិសេសជំរុញអាជីវកម្មនានា នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរលោក សុន សេងហួត បានបន្តថា ស្មារតីកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការសម្រមសម្រួលសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យមរបស់អាស៊ាន (ASEAN Coordinating Committee on Micro Small and Medium Enterprises - ACCMSME) និងផែនការសកម្មភាពសម្រាប់អភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម អាស៊ាន ឆ្នាំ២០១៦-២០២៥ បានឯកភាព ដើម្បីពិនិត្យមើលនូវបច្ចុប្បន្នភាព នៃគោលនយោបាយ SME ក្នុងបណ្តាប្រទេសអាស៊ានទាំងអស់ ផ្តល់យោបល់លើស្ថានភាពគោលនយោបាយ SME បញ្ហាប្រឈមរបស់SME ព្រមទាំងជួយឱ្យ SME អាចប្រតិបត្តិការពេញលេញក្នុងតំបន់។
លោកបានបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិនៅថ្ងៃនេះ គឺដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាព គុណភាពនៃការធ្វើគោលនយោបាយ និងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សិប្បកម្ម ឬសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យមនៅកម្ពុជា។ ការសិក្សានេះ នឹងពុំអាចទទួលបាន នូវលទ្ធផលគាប់ប្រសើរនោះទេ បើពុំមាការចូលរួមផ្តល់ធាតុចូល ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិនានា វិស័យឯកជន ដែលបានសហការ ចូលរួមផ្តល់យោបល់លើស្ថានភាពគោលនយោបាយពាក់ព័ន្ធនឹងវិស័យ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងសកម្មលើការងារជំរុញ និងអភិវឌ្ឍន៍ វិស័យឯកជនរបស់ តាមរយៈការបង្កើត តំបន់សេដ្ឋកិច្ចពិសេស និងរៀបចំវេទិការដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ការសន្ទនា និងការសម្របសម្រួលប្រសើរ ជាងមុន។ ក្នុងឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការ IDP ដើម្បីចាប់ផ្ដើម «យុទ្ធសាស្ដ្រកំណើនថ្មី» ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរ រចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចក្នុងស្រុក និងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់និងពិភពលោក។ ការអនុម័តគោលនយោបាយនេះ ត្រូវបានអំណោយផល ក្នុងលក្ខខណ្ឌនៃការភ្ជាប់ទំនាក់ទំនងរវាងសេដ្ឋកិច្ចកម្ពុជា និងឧស្សាហកម្មរបស់ខ្លួនទៅកាន់បណ្តាប្រទេសក្នុងតំបន់ ជាពិសេសនៅក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន និងក្របខណ្ឌសេរីភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ (Regional Comprehensive Economic Partnership)។
ទន្ទឹមគ្នានេះ លោក សុន សេងហួត បានបញ្ជាក់ថា បញ្ហាអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា មានការពាក់ព័ន្ធជាសំខាន់ មិនមែនតែផ្នែកបច្ចេកទេសទេ គឺបញ្ហាគន្លឹះត្រូវបានគេស្រាវជា្រវ ឃើញអំពីផ្នែកហិរញ្ញវត្ថុ និងបរិយាកាសធុរកិច្ចដែលមានពាក់ព័ន្ធទៅ និងការគ្រប់គ្រងក្រោមស្ថាប័នមួយចំនួនទៀត។ ដូចេ្នះ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវការកិច្ចការសម្របសម្រួលទាំងអស់ចាប់ផ្តើមការងារ រៀបចំប្រព័ន្ធអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលផងដែរ៕