Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នាំយករថយន្តពិសោធន៍ចល័ត មកពិនិត្យទំនិញម្ហូបអាហារក្នុងផ្សារចំនួន៥ នៅខណ្ឌច្បារអំពៅ តែរកមិនឃើញផលិតផលណាមួយហួសកាលបរិច្ឆេទ និងមានសារធាតុគីមី

29-03-2019 12:05

(ភ្នំពេញ)៖ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាព ប្រជាពលរដ្ឋ ក៏ដូចជាការបន្ថែមពីលើការងារប្រចាំការត្រួតពិនិត្យទំនិញ នៅក្នុងផ្សាររៀងរាល់ថ្ងៃនៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន ០៥ រួមមាន: ផ្សារធំច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។

មន្ត្រីជំនាញកាំកុងត្រូល បានយកគំរូផលិតផលចំនួន ៨០គំរូ នៃផលិផលចំណីអាហារមកធ្វើការវិភាគ រួមមាន៖ គ្រឿងសមុទ្រ មានបង្គារ មឹក បង្គារក្រៀម យាហ៊ឺ បន្លែ មានត្រសក់ សាឡាត់ គល់ស្លឹកគ្រៃ ស្លឹកគូឆាយ ឆៃថាវ បន្លែផ្ទី ប៉េងប៉ោះ ដើមណាត់ណា សណ្តែកបណ្តុះ ត្រប់ស្រួយ ប្រហុក ម្រះ ម្ទេសប្លោក ត្រកួន ជីនាងវង ឈាមជ្រូក ជ្រក់ត្រពាំង ជ្រក់ស្ពៃ ត្រសក់ជ្រក់ បង្អែមមាន ចាហួយខ្មៅ លតស្វិត ផ្លែឈើ ជាដើម គឺ រកមិនឃើញផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់ឡើយ។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការទាំងអស់នេះ ត្រូវបានអនុវត្តជាប្រចាំនៅតាមបណ្តាមូលដ្ឋាន ទទួលខុសត្រូវ របស់សាខាទូទាំង រាជធានី ខេត្ត ក្រុង ក្រោមការចង្អុលបង្ហាញ យ៉ាងយកចឹត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។

លោកបានបន្តថា កិច្ចការងារចុះអង្កេត និងត្រួតពិនិត្យនៅក្នុងទីផ្សារ គឺនៅតែបន្តធ្វើ និងពង្រឹងសកម្មភាពកាន់តែសកម្មជាងមុន សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាព របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ តាមរយះការជួយបង្ការ អោយជៀសផុតពីជម្ងឺ រោគា ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារចំលងមេរោគ និងមានលាយសារធាតុគីមីពុលនៅក្មុងនោះ។

នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់អាជីវករ អោយធ្វើការដាក់តាំងលក់ផលិតផល អោយបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ(កាលបរិច្ឆេទ)ផុតកំណត់ ។

ប្រជាពលរដ្ឋ ក៏ដូច ជាអាជីវករ មានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕