(កណ្តាល)៖ ដោយក្តីអាណិតអាសូរ មានការយកគិតគូរ និងយកចិត្តទុកដាក់ នាថ្ងៃទី២៨ ខែមីនាម្សិលមិញ លោក ជី ស៊ីវុត្ថា អនុប្រធានប្រចាំសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល តំណាង គីម រិទ្ធី ប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកញ្ញា ឌុំ រីដា អាយុ២២ឆ្នាំ ជានិស្សិតអាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យអន្ដរជាតិ ផារ៉ាហ្គន (អតីតហ្សាម៉ាន់) ផ្នែកវិទ្យាសាស្ដ្រនយោបាយឆ្នាំទី៤ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ត Range Rover បុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះចូលរួមរំលែកទុក្ខគ្រួសារនៃសពនេះ អមដំណើរដោយលោក ខុន សេរីរដ្ឋា ប្រធាន ស.ស.យ.ក ស្រុកខ្សាច់កណ្តាល, លោក ចាន់ តារា អនុប្រធាន ស.ស.យ.ក ស្រុក និងជាអភិបាលរងស្រុក ព្រមទាំងសហការី បានចូលរួមរំលែកនូវមរណៈទុក្ខក្រៀមក្រំបំផុត ដល់គ្រួសារសព កញ្ញា ឌុំ រីដា ភេទស្រី ស្ថិតក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាស នៃពិធីបុណ្យសពនេះ ក្នុងនាម ស.ស.យ.ក ខេត្តកណ្តាល លោក ជី ស៊ីវុត្ថា សូមចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ គ្រួសារសព ដែលត្រូវបាត់បង់កូនស្រី និងជាសាច់ញាតិជាទីស្រឡាញ់ ទាំងវ័យក្មេង ព្រមទាំងជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើម ដែលជាអតីតសិស្សពូកែ ទូទាំងប្រទេសម្នាក់ ខាងអក្សរសាស្រ្តខ្មែរ ជាអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ក៏ជាអតីតយុវជនស្រុកខ្សាច់កណ្តាល មួយរូប និងសូមឧទ្ទិសដល់វិញ្ញានក្ខន្ធសពកញ្ញា ឌុំ រីដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្រុមគ្រួសារសព បានសំដែងក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល ដែលបានគិតគូរ និងជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសពនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកក្នុងពិធីបុណ្យនេះ។ ជាមួយគ្នានេះដែរ លោក ជី ស៊ីវុត្ថា ក៏បាននាំយកថវិការបស់ប្រធាន ស.ស.យ.ក ខេត្ត និងសប្បុរសជន ចូលរួមបុណ្យសព មួយចំនួនផងដែរ៕