(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានភាពនៃការវិនិយោគនៅកម្ពុជា មានលក្ខណៈល្អប្រសើរ ដោយបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ទុនវិនិយោគសរុបចំនួន២៣ប៊ីលានដុល្លារ ដែលអាចបង្កើតការងារចំនួន១លានកន្លែង។
សម្រាប់រយៈពេល២ខែដំបូង ឆ្នាំ២០១៩នេះ គម្រោងវិនិយោគចំនួន៧៣គម្រោង ត្រូវបានអនុម័ត ដែលមានទុនវិនិយោគប្រមាណ២.២ប៊ីលានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានតែ៣៩គម្រោង ទុនវិនិយោគ៣២៧លានដុល្លារប៉ុណ្ណោះ។
ការបញ្ជាក់យ៉ាងដូច្នេះ របស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាវិមានសន្តិភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជានៅតែជាប្រទេសគោលដៅដ៏មានសក្តានុពល សម្រាប់អ្នកវិនិយោគ ទាំងក្នុងស្រុក និងបរទេស ។ ជាក់ស្តែងផ្អែកតាមការកត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍លម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ស្ថានភាពនៃការវិនិយោគ មានលក្ខណៈល្អប្រសើរ»។
បើតាមលោកអគ្គបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាមធ្យម៧.៧ភាគរយ ក្នុងរយៈពេលជាង២ទស្សវត្ស បូករួមផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រ ចុតកោណនាពេលកន្លងមក គួបផ្សំនឹងការដាក់ចេញ ក៏ដូចជាការអនុវត្ត នូវគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយពាក់ព័ន្ធដទៃទៀត បានជំរុញឲ្យសកម្មភាពវិនិយោគនៅកម្ពុជា កាន់តែមានវិសាលភាពធំឡើង និងសម្បូរបែប។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការធ្វើពិពិធកម្មលើសកម្មភាពវិនិយោគ បានកើតឡើងក្នុងរូបភាពជា គម្រោងវិនិយោគក្នុងវិស័យថ្មីៗ ដូចជា គម្រោងដំឡើងរថយន្ត និងទោចក្រយានយន្ត កម្រោងផលិតគ្រឿងបង្គុំរថយន្ត គម្រោងផលិតគ្រឿងអេឡិចត្រូនិក និងម៉ូទ័រខ្នាតូច គម្រោងរោងចក្រផលិតស៊ីម៉ង់ត៍ គម្រោងផលិតភេសជ្ជ គម្រោងផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ និងធ្យូងថ្ម គម្រោងផលិតសម្ភារ និងបរិក្ខាពេទ្យ គម្រោងដំណាំឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្ម គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាដើម។
អគ្គបណ្ឌិតសភាចារ្យបានលើកឡើងទៀតថា យុទ្ធសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការពង្រាយរោងចក្រទៅតាមបញ្ហាខេត្ត ពោលគឺការជំរុញគម្រោងវិនិយោគឱ្យបោះទីតាំង នៅតំបន់ផ្សេងៗក្រៅពីរាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ, ការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ក៏ដូចជាការលើកស្ទួយជីវភាពរបស់ប្រជាជន ដែលត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យរបាយនៃគម្រោងវិនិយោគរីកសាយពីរាជធានីភ្នំពេញ ទៅកាន់បណ្ដៅខេត្តស្ទើរតែទូទាំងប្រទេស, ពិសេស នៅតាមបណ្តំបន់សេដ្ឋកិច្ចពិសេស។
នៅក្នុងឆ្នាំ២០១៨ តំបន់សេដ្ឋកិច្ចពិសេសដែលមានដំណើរការ មានចំនួនរហូតដល់២១តំបន់ ក្នុងនោះមានរោងចក្រចំនួន២៦៦ និងបានបង្កើតការងារចំនួន១១៣ពាន់កន្លែង បើធៀបទៅនឹងឆ្នាំ២០១៤ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការតែចំនួន១៥ មានរោងចក្រចំនួន១៥២ និងបានបង្កើតការងារចំនួន៨៩ពាន់កន្លែងប៉ុណ្ណោះ ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ជាមួយនឹងកំណើននៃសកម្មភាពវិនិយោគ ដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មានសកម្មភាពវិនិយោគដទៃទៀត ដែលមិនត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមមានដូចជា វិស័យសំណង់ និង វិស័យធនាគារ និងហិរញ្ញវត្ថុជាដើម ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។
ជាក់ស្តែង ក្នុងវិស័យសំណង់ទុនវិនិយោគមានការកើនឡើងជាបន្តបន្ទាប់, ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២៣% ក្នុងនោះទំហំទុនវិនិយោគនៅឆ្នាំ២០១៨ មានចំនួនប្រមាណជាង៥.៧ ប៊ីលានដុល្លារអាមេរិក ។ ចំនួនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី៨៦ ដល់១៣៧គ្រឹះស្ថាន។ ចំពោះវិស័យទេសចរណ៍វិញ, ចំនួនភ្ញៀវទេសចរណ៍បរទេស ដែលបានមកទស្សនានៅកម្ពុជា ក៏មានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨, កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន៦.២លាននាក់ គឺកើនឡើងប្រមាណជិត៣៨% បើធៀបនឹងឆ្នាំ ២០១៤ ដែលមានចំនួនត្រឹមតែ៤.៥លាននាក់ ។
អគ្គបណ្ឌិតសភាចារ្យបញ្ជាក់ទៀតថា សូចនាករនៃកំណើនស្ទើរគ្រប់វិស័យ បានសបញ្ជាក់ពីសក្តានុពលរបស់កម្ពុជា និងជំនឿទុកចិត្តរបស់ធុរជន និងអ្នកវិនិយោគ, ទាំងក្នុងស្រុក និងបរទេស មកលើការដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ ក្នុងគ្រប់កាលៈទេសៈ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបានបង្ហាញអំពីការចូលរួមចំណែក ពីសំណាក់បងប្អូនប្រជាពលរដ្ឋ, កម្មករ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់៕