(កំពត)៖ ទីតាំងផលិតទឹកស្អាតក្រោមជំនួយហិរញ្ញប្បទានផ្លូវការ (ODA) របស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃ ២៦លានដុល្លារអាមេរិក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។
ទីតាំងផលិតទឹកស្អាតក្រោមគម្រោង ODA (Official Development Assistance) មួយនេះមានទីតាំងស្ថិតនៅភូមិអូតូច សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
លោក ទី គាន ប្រធានរដ្ឋាករទឹកស្វយ័តខេត្តកំពត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាត។ លោកថា យោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ បានកំណត់ថា ប្រជាជនកម្ពុជានឹងទទួលបានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ នៅឆ្នាំ២០២៥។
ប្រធានរដ្ឋាករទឹករូបនេះ បានរំលឹកថា កាលដើមឡើយរដ្ឋាករទឹកស្វយ័តខេត្តកំពត បានជួបបញ្ហាប្រឈមជាច្រើនរួមមាន សមត្ថភាពផលិតទឹកស្អាត អត្រាបាត់បង់ទឹកខ្លាំង គុណភាពទឹកមិនល្អ ដែលបណ្ដាលមកពីបណ្ដាញចែកចាយចាស់ខ្លាំងពេក ដែលតម្រូវឲ្យមានការកែលម្អការផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកជាបន្ទាន់។
លោក ទី គាន បានបន្តថា គម្រោងពង្រីកប្រព័ន្ធគ្រប់គ្រងទឹកស្អាតខេត្តកំពតមួយនេះ បានសាងសង់អាងស្តុកទឹក ដែលអាចស្តុកទឹកបាន ៨២៥០ម៉ែត្រគូប/មួយថ្ងៃ និងរោងចក្រប្រព្រឹត្តកម្មទឹក ៧៥០០ម៉ែត្រគូប/មួយថ្ងៃ។ ហើយការរួមចំណែកពីរដ្ឋាភិបាលជប៉ុន នឹងធ្វើឲ្យបរិស្ថានរស់នៅក្នុងក្រុងកំពត កាន់តែមានភាពប្រសើរឡើងជាងមុនមិនខាន ដោយសារមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់៕