(ភ្នំពេញ)៖ នៅម៉ោងជាង១០ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ កញ្ញា យិន ម៉ាណា ដែលជាអ្នកបើករថយន្ត Range Rover បុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីនាងបានចូលសារភាព នៅចំពោះមុខសមត្ថកិច្ច រាជធានីភ្នំពេញ។
ប៉ុន្តែតាមសេចក្តីរាយការណ៍ពី ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ បានឲ្យដឹងថា ពេលដឹក យិន ម៉ាណា មកដល់មុខតុលាការទៅហើយ សមត្ថកិច្ចមិនបាននាំនាង ចូលខាងតុលាការនោះទេ ដោយបើករថយន្តទៅបង្ហួសទៅបាត់ ពីព្រោះឃើញអ្នកយកព័ត៌មានច្រើនពេកនៅប្រចាំតុលាការ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា មួយសន្ទុះក្រោយមកសមត្ថកិច្ចបានដឹកកញ្ញា យិន ម៉ាណា មកដល់តុលាការវិញហើយនៅវេលាម៉ោងប្រមាណ១០៖៣៥នាទីព្រឹកថ្ងៃដដែល។
លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ លោក យិន ង្គិច បាននាំកូនស្រីឈ្មោះ យិន ម៉ាណា មកដល់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីឱ្យសមត្ថកិច្ចសួរចម្លើយ ពាក់ព័ន្ធនឹងករណីបើកបរបុកនិស្សិតស្លាប់។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយនាង មានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ដែលបានលាក់ខ្លួន រយៈពេល៣ថ្ងៃមកហើយ ដោយឱ្យឪពុកចេញដោះស្រាយជំនួស។
មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕