(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬហៅម្យ៉ាងទៀតថា សាលាក្តីខ្មែរក្រហម បានជូនដំណឹងអំពីសាលក្រមពេញលេញជាលាយលក្ខណ៍អក្សររបស់ខ្លួន នៅក្នុងសំណុំរឿង ០០២/០២ ជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។ នេះបើតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។

សាលក្រមនៃសំណុំរឿង ០០២/០២ គឺជាសាលក្រមវែងជាងគេបំផុត ដែល អ.វ.ត.ក. បានចេញរហូតដល់ពេលនេះ ដោយសាលក្រមនេះ មានទំហំរួមទាំងឧបសម្ព័ន្ធជាភាសាខ្មែរចំនួន ៤១០១ ទំព័រជាភាសាអង់គ្លេសចំនួន២៣៨៧ ទំព័រ និងជាភាសាបារាំងចំនួន ២៨២៨ទំព័រ។

សវនាការដេញដោល ពិនិត្យភ័ស្តុតាង នៅក្នុងការជំនុំជម្រះក្តីសំណុំរឿង ០០២/០២ បានចាប់ផ្តើមនៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៤ ហើយបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ នៅក្នុងអំឡុងពេលជំនុំជម្រះក្តីនេះ អង្គជំនុំជម្រះ បានស្តាប់សក្ខីកម្មបុគ្គលចំនួន១៨៥នាក់ រួមមានសាក្សី១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណី ៦៣នាក់ និងអ្នកជំនាញ៨នាក់។ មូលដ្ឋានភ័ស្តុតាងនៅក្នុងសំណុំរឿង ០០២/០២ រួមមានឯកសារជាង ១០.៨០០ ឯកសារ សម្រាប់អង្គជំនុំជម្រះសាលាដំបូងធ្វើការវិភាគ និងពិចារណាសម្រេច។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ សាលាក្តីខ្មែរក្រហម៖