(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ កញ្ញា យិន ម៉ាណា ដែលជាអ្នកបើករថយន្ត Rang Rover បុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច រាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
នៅព្រឹកថ្ងៃនេះដែរវិដេអូពីកាមេរ៉ាសុវត្ថិភាពបានទម្លាយ និងបង្ហាញថា ជនបង្ក យិន ម៉ាណា ឡើងរថយន្ត Range Rover ផ្លាកលេខភ្នំពេញ 2AF-7777 ចេញពីហាងបុកល្ហុកមួយកន្លែង ស្ថិតនៅក្បែរកន្លែងកើតហេតុ ក្នុងខណ្ឌទួលគោក នឹងទៅបើកបរទៅបុកនិស្សិតស្រី ឌុំ រីដា។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»៕