(ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នព័ត៌មានដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា អង្គភាពព័ត៌មាន Fresh News សូមទាមទារឱ្យ លោក ផែង វណ្ណៈ ប្រញាប់ធ្វើការកែតម្រូវជាបន្ទាន់ ចំពោះចោទប្រកាន់គ្មានមូលដ្ឋាន បរិហារកេរ្តិ៍មកលើ Fresh News ថា «ផ្សព្វផ្សាយនូវព័ត៌មានដែលមានលុយ» ដែលធ្វើឡើងតាមរយៈការ Live វីដេអូមួយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បើមិនដូច្នោះទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
លោក ផែង វណ្ណៈ បាននិយាយប្រមាថយ៉ាងដូច្នេះថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេម រហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ....»។
យើងចាត់ទុកថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់បែបនេះរបស់លោក គឺជាចេតនាក្នុងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់កិត្តិយសអង្គភាពស្ថាប័នព័ត៌មាន Fresh News និងធ្វើឱ្យសាធារណជន មានការភាន់ច្រឡំធ្ងន់ធ្ងរបំផុត ដែលអង្គភាពរបស់យើងមិនអាចទទួលយកបានឡើយ។
អង្គភាពព័ត៌មាន Fresh News បាននិងកំពុងបម្រើសេវាកម្មផ្តល់ព័ត៌មានពិតប្រាកដដល់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ហើយទទួលបានការកោតសរសើរជាបន្តបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
អង្គភាពព័ត៌មាន Fresh News សូមជម្រាបលោក ផែង វណ្ណៈ ឲ្យបានច្បាស់ថា ការដែល Fresh News យករឿងប្តឹងផ្តល់របស់លោក និងលោក ពេជ្រ ស្រស់ មកផ្សព្វផ្សាយនោះ គឺជាវិជ្ជាជីវៈព័ត៌មាន និងជាសេរីភាពរបស់អង្គភាពយើងខ្ញុំ មិនបានប៉ះពាល់ដល់កិត្តិយសរបស់លោកនោះទេ ហើយក៏មិនមែនមានតែស្ថាប័នព័ត៌មាន Fresh News តែមួយនោះទេ ដែលផ្សព្វផ្សាយ មានសារព័ត៌មានផ្សេងៗក៏បានផ្សព្វផ្សាយផងដែរ។
អង្គភាពព័ត៌មាន Fresh News សូមទុកឱសានវាទរយៈពេល ២៤ម៉ោងដល់លោក ផែង វណ្ណៈ សម្រាប់ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Fresh News យ៉ាងធ្ងន់ធ្ងរ៕