(ភ្នំពេញ)៖ លោកស្រី ជា សុផាកន្នី សាកលវិទ្យាធិការ និងគណ:គ្រប់គ្រងសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់» នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពកញ្ញា «ឌុំ រីដា» និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។

ក្នុងឱកាសនោះលោកស្រី ជា សុផាកន្នី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសម្តែងការសោកស្តាយចំពោះការបាត់បង់និស្សិតរបស់ខ្លួន។

លោកស្រីសាកលវិទ្យាធិការ បានថ្លែងនៅចំពោះក្រុមគ្រួសារសពថា មរណភាពរបស់កញ្ញា ឌុំ រីដា គឺជាការបាត់នូវនិស្សិតល្អមួយរូបនៅក្នុងសាកលវិទ្យាល័យ។ លោកស្រី បានថ្លែងកោតសរសើរពីអត្តចរិត និងការប្រឹងប្រែងសិក្សារៀនសូត្ររបស់ ឌុំ រីដា។

ក្រៅពីសម្តែងការសោកស្តាយលោកស្រីសាកលវិទ្យាធិការ ក៏បាននាំយកថវិកាមួយចំនួនចូលរួមបុណ្យសព ដើម្បីរំលែកនូវការលំបាករបស់ក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា កញ្ញា ឌុំ រីដា ជានិស្សិតផ្នែកអាហារូបករណ៍ឆ្នាំទី៤នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះកញ្ញានឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ តែជាអកុសលកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះក្នុងជន្មាយុ ២២ឆ្នាំ៕