(សៀមរាប)៖ អតីតយោធាម្នាក់ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ពីបទញុះញ៉ង់កុំឲ្យយោធិនស្ដាប់បង្គប់ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា នៃច្បាប់ក្រមព្រហ្មទណ្ឌ។ ការសម្រេចឃុំខ្លួនជនសង្ស័យនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។
បើតាមការឲ្យដឹងពីសមត្ថកិច្ច គឺកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កងរាជកម្លាំងកងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ដាវីត ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរ (អតីត) ជាអតីតយោធា ក្នុងអង្គភាពយោធភូមិភាគទី៣ សួរនាំនិងរួចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ រហូតចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន តាមការចោទប្រកាន់ពីលោក ថេង សំណាង តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺនៅពេលដែលគេកំពុងប្រើប្រាស់ទូរស័ព្ទម៉ាក Huawei មួយគ្រឿង ក្នុងការមើល និងសរសរលើប្រព័ន្ធបណ្ដាញសង្គម Facebook ដែលមានគណនីឈ្មោះ Lee David ដើម្បីវាយប្រហារទៅលើថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា។ ហើយបន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ច បានធ្វើការឆែកឆេរ និងដកហូតបាន ដូចជា អាវុធម៉ាក AK ស្វ័យបត់ចំនួន១ដើម (លេខ 16111466) មានគ្រាប់ចំនួន ៣១គ្រាប់, បំពង់ទប់សម្លេង (ស៊ីឡង់ហ្សឺ) ចំនួន ១ដើម, កំបិតស្នៀត ចំនួន១, ដំបងឆត់ ចំនួន១, លិខិតឆ្លងដែន ចំនួន ១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន ១សន្លឹក, អត្តសញ្ញាណប័ណ្ណយោធា ចំនួន ១, ម៉ូតូហុងដា (ម៉ាកស្កូបពី) ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HE-8253 ចំនួន១គ្រឿង និងលិខិតបញ្ជាបេសកម្មហួសសុពលភាពចំនួន៥សន្លឹក។ ជនសង្ស័យឈ្មោះ លី ដាវីត បានកាន់កាប់អាវុធ ដោយគ្មានលិខិតអនុញ្ញាត បន្ទាប់ពីអង្គភាពបានបណ្ដេញចេញពីក្របខណ្ឌអង្គភាពយោធា ដោយមិនព្រមយកទៅប្រគល់ឲ្យអង្គភាពវិញ ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ៖ ហើយជនសង្ស័យបានសរសេរនៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួន ថា «សូមប្រទេសទាំងឡាយឈប់ផ្ដល់ប្រាក់កម្ចីមកដល់ប្រទេសកម្ពុជា ការបោះឆ្នោតនៅប្រទេសកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ ការដឹកនាំរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ធ្វើឱ្យខ្វះទឹក ខ្វះភ្លើង» ។ ហើយគេថែមទាំងបានប្រើពាក្យសំដី ជេរប្រមាថ តំលាក់កំហុសជាច្រើនទៀត ទៅលើប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅញុះញ៉ុងឲ្យប្រជាជនកម្ពុជា និងសាធារណៈជនទាំងអស់មានការស្អប់ មានការភ័ន្ធច្រលំ ដើម្បីឈានទៅរកការបង្ករភាពអសន្ដិសុខដល់សង្គមជាតិ ។ ព្រមទាំងប្រើពាក្យសំដីមិនឲ្យយោធិនស្ដាប់បង្គាប់ ដើម្បីធ្វើឲ្យខូចខាតដល់វិស័យការពារជាតិ។
ហើយបើតាមលោក ថេង សំណាង បានបន្តឲ្យដឹងទៀតថា៖ ទង្វើរបែបនេះ គឺជាបទល្មើស ញុះញ៉ង់កុំឲ្យយោធិនស្ដាប់បង្គប់, កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, និងញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិ/សង្កាត់ និងពេលវេលាដូចខាងលើ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា ៤៧១, មាត្រា ៤៩០, មាត្រា ៤៩៤, និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ របស់ព្រះរាជាណាចក្រកម្ពុជា៕\