(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ព្រមទាំងក្រុមមេធាវីស្ម័គ្រចិត្ត ចំនួន30រូប បានជួបពិភាក្សា ធ្វើកិច្ចសហការការងារ និងរកដំណោះស្រាយ ដើម្បីពន្លឿននីតិវិធីកាត់ក្តី ជួយដល់ស្ត្រីជាប់ពន្ធនា ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ស្ត្រីជាអនីតិជន និងស្ត្រីចាស់ជរា នៅទីស្តីការក្រសួងយុត្តិធម៌។
នៅក្នុងឱកាសនោះដែរ លោកមេធាវី គី តិច បានថ្លែងថា គោលបំណងដែលលោកដឹកនាំក្រុមមេធាវីស្ម័គ្រចិត្ត មកពិភាក្សាការងារនេះ គឺអនុវត្តតាមប្រសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងស្នើសុំឱ្យ លោករដ្ឋមន្ត្រី ផ្តល់កិច្ចសហការ និង ជួយចេញនូវសេចក្តីជូនដំណឹង ឬសារាចរណែនាំមួយ ដល់គ្រប់់តុលាការខេត្ត-ក្រុង ដើម្បីសុំឲ្យមានកិច្ចសហការការងារ នៅពេលដែលក្រុមមេធាវីស្ម័គ្រចិត្ត ចុះទៅបំពេញភារកិច្ចតាមបណ្តាខេត្ត និងតាមតំបន់ ។
ជាការឆ្លើយតបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងបានត្រៀម និងបានណែនាំរួចជាស្រេច ទៅដល់ព្រះរាជអាជ្ញា ចៅក្រម និងប្រធានតុលាការ នៅតាមបណ្តាខេត្ត ដើម្បីឱ្យមានការសហការ ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅតាមមូលដ្ឋាន របស់ខ្លួន។
លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍានា បានបន្ថែមទៀតថា ដើម្បីផ្តល់កិច្ចសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងក៏បានចាត់តាំងតំណាងរបស់ក្រសួង ដើម្បីត្រៀមចូលរួមដំណើរការជាមួយក្រុមមេធាវីស្ម័គ្រចិត្ត នៅគ្រប់ប្រត្តិបត្តការ ការងារ ។
ក្នុងឱកាសនោះដែរ លោកគី តិច ក៏បានផ្តល់ជូននូវសេចក្តីសម្រេច និងបញ្ជីឈ្មោះមេធាវីស្ម័គ្រចិត្តដែលកំពុងឈរជើង ជាប្រចាំនៅតាមបណ្តាខេត្ត និងឯកសារពាក់ព័ន្ធ ជូនលោករដ្ឋមន្ត្រី ហើយក្រសួងក៏បានផ្តល់មកវិញនូវ បញ្ជីឈ្មោះ ទិន្ន័យ ស្ត្រីជាប់ឃុំក្នុងពន្ធនាគារទូទាំងប្រទេស ជូនលោកគី តិច វិញផងដែរ ។ បន្ថែមពីលើនោះ គាគីជំនួបក៏បានឯកភាពគ្នា ថានិងជួបប្រជុំពិភាក្សាការងារជាបន្តបន្ទាប់ និងឲ្យបានញឹកញាប់ និងក៏បានឯកភាពគ្នា បង្កើត Group Telegram ដើម្បីជាមធ្យោបាយ ទំនាក់ទំនងការងារឲ្យបានទាន់ពេលវេលានិងឆាប់រហ័ស ផងដែរ ។