(ភ្នំពេញ)៖ ប្រាសាក់ ដែលជាឈរលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាគ្រឹះស្ថានមួយក្នុងចំណោមធនាគារធំទាំង៥ នៅកម្ពុជា បានប្រារព្វពិធីបញ្ចុះបឋមសិលាសាងសង់អគារបណ្ណាល័យចំនួន២ ខ្នងបន្ថែម នៅខេត្ត ២ផ្សេងគ្នា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងបេសកកម្មចូលរួមជំរុញការអាន និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
អគារបណ្ណាល័យ ដែលនឹងត្រូវសាងសង់ទាំងពីរនេះ មានទំហំ៧ ម៉ែត្រ x ៩០ ម៉ែត្រ ស្ថិតនៅ៖
១៖ សាលាបឋមសិក្សាត្រែងត្រយឹង ស្ថិតក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២៖ សាលាបឋមសិក្សាបន្ទាយនាង ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
គម្រោងបណ្ណាល័យទាំងពីរខាងលើនេះ នឹងចាប់ផ្តើមអនុវត្តការងារសាងសង់ ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងអនុញ្ញាតឱ្យសិស្សានុសិស្សអាចប្រើប្រាស់បណ្ណាល័យនេះ បានបន្ទាប់ពីវិស្សមកាលនៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា គម្រោងបណ្ណាល័យប្រាសាក់ អាចដំណើរការទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ប្រាសាក់ និងមូលនិធិ CVC Foundation មិនត្រឹមតែកសាងអគារបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់សៀវភៅ សម្ភារ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល៣ឆ្នាំទៀតផង។
គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ គម្រោងបណ្ណាល័យប្រាសាក់ដាក់ឱ្យប្រើប្រាស់និងកំពុងសាងសង់ចំនួន៣៤ អគារគ្របដណ្តប់លើភូមិចំនួន៣៤៦ភូមិ ដែលមានចំនួនគ្រួសារសរុប៧០,៥៣៧គ្រួសារ មានប្រជាជនសរុបចំនួន ៣២៦,៤០០ នៅក្នុង១១ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ ខេត្តបាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ និងមានសិស្សានុសិស្សដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន ៧៨,២៦៦នាក់៕