(ព្រះសីហនុ)៖ ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន សុផល បានឲ្យ Fresh News ដឹងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះថា មន្ត្រីជំនាញពន្ធដារខេត្តនេះ បានសហការជាមួយកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅមូលដ្ឋាននេះ ហើយមិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធផ្លូវ ឬមិនទាន់បង់ពន្ធផ្លូវឆ្នាំ២០១៨ មានចំនួន ៧២៨គ្រឿង និងបានចាប់ឲ្យម្ចាស់បង់ពន្ធ ព្រមទាំងផាកពិន័យបានថវិកាជាង ៧៧០លានរៀល។
លោក សន សុផល បន្តថា ការចាប់ឃាត់រថយន្តអត់បង់ពន្ធផ្លូវឆ្នាំ២០១៨ខាងលើនេះ គឺគិតចាប់ពីដើមខែកុម្ភៈ មកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ លោកបន្តថា ការចាប់ឃាត់រថយន្តអត់បង់ពន្ធផ្លូវខាងលើនេះ គឺមន្ត្រីជំនាញពន្ធដារ បានតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ត្រូវបង់លុយថ្លៃពន្ធផ្លូវឆ្នាំ២០១៨ ភ្លាមៗ ឲ្យគ្រប់ចំនួន និងបានផាកពិន័យថែមទៀត ពោលគឺម្ចាស់យានយន្តនីមួយៗ ត្រូវបង់ពន្ធផ្លូវឆ្នាំ២០១៨ និងលុយផាកពិន័យទ្វេដង។
លោក សន សុផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានរថយន្តគ្រប់ប្រភេទ ត្រូវតែទៅបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវ ឲ្យបានជាប្រចាំ នៅតាមឆ្នាំនីមួយៗ ព្រោះលោកអ្នកមិនអាចគេចវេសពីកាតព្វកិច្ចបង់ពន្ធផ្លូវលើមធ្យោបាយយានយន្ត របស់ខ្លួនបាននោះទេ។
លោកបន្តថា មន្ត្រីពន្ធដារនៅតាមរាជធានីខេត្តនីមួយៗ និងសហការការជាមួយកម្លាំងចម្រុះចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅតាមដងផ្លូវសាធារណៈមួយចំនួន ដើម្បីត្រួតពិនិត្យពន្ធផ្លូវនេះជាប្រចាំដោយមិនអនុគ្រោះដល់ម្ចាស់យានយន្ត ដែលមិនបានបង់ពន្ធផ្លូវទាំងនោះជាដាច់ខាត។
លោកបន្តថា នៅថ្ងៃទី២៨ ខែមីនានេះ មន្ត្រីពន្ធដារខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យពន្ធផ្លូវឆ្នាំ២០១៨នេះ ជាថ្មីទៀត បន្ទាប់ពីបានជាប់រវល់ប្រជុំក្នុងប៉ុន្មានថ្ងៃក្នលងមកនេះ។
លោក សន សុផល បានឲ្យដឹងដែរថា ការត្រួតពិនិត្យពន្ធផ្លូវឆ្នាំ២០១៨ នឹងបញ្ចប់នៅត្រឹមបំណាច់ខែមីនា ឆ្នាំ២០១៩នេះ ប៉ុន្តែបើក្នុងករណីមានគោលការណ៍ថ្មីពីថ្នាក់ដឹកនាំទាក់ទិនការត្រួតពិនិត្យពន្ធផ្លូវខាងលើនេះ មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ នឹងអនុវត្តការងារនេះ ឲ្យស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំដែលបានដាក់ចេញ៕