(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រុមប្រតិបត្តិការ ពិសេស នៃ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិត ផល ក្លែងក្លាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ងិន ពេជ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យផ្ទះលក់ឱសថបុរាណចិន ចំនួន ៣ទីតាំង។
ទីតាំងទី១ មានផ្ទះលេខ ១០២, ទីតាំងទី២ មានផ្ទះ លេខ ១០៤ និងទីតាំងទី៣ មានផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ ហៅថាវិថី (ហ្សាដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី ៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ដោយនៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានរកឃេីញថា មានឱសថចំនួនជាង ២០០មុខ ដែលមិនមានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតនាំចូលនិងចែកចាយ ពីក្រសួងសុខាភិបាល មានការស្តុកទុកលក់ឱសថហួសកាលបរិច្ឆេទកំណត់ ហេីយថែមទាំងមានលក់ និងចែកចាយឱសថបុរាណចិនជំនួយផ្លូវភេទ (ថ្នាំសំរើប) ជាច្រើនប្រភេទ មានចំនួនច្រើនលើសការស្មាន ដែលក្រសួងសុខាភិបាលហាមឃាត់។
ក្រោយពីការត្រួតពិនិត្យរបស់ សមត្ថកិច្ចចម្រុះ រួច មក លោក ព្រះរាជអាជ្ញារងអមអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ឲ្យ ម្ចាស់ ទីតាំងទាំង ៣ខាងលេី ផ្អាក ការលក់ និងចែកចាយឱសថបូរាណរបស់ ខ្លួន ជាបណ្តោះអាសន្ន ហេីយរក្សាទុកឱសថទាំងនេះកុំឲ្យបាត់បង់ និងត្រូវចូលខ្លួនមកបំភ្លឺបន្ថែម នៅ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិត ផល ក្លែងក្លាយ ព្រមទាំង ឲ្យ សមត្ថកិច្ច នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិត ផល ក្លែងក្លាយ ដកហូត យ កនូវវត្ថុតាងខុសច្បាប់មួយចំនួ ន មករក្សាទុកនៅ គណៈកម្មាធិការ ដេីម្បី រៀបចំ កសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី៕