(ភ្នំពេញ)៖ ឱកាសការងារ ចំនួន១,០៥២កន្លែង បាននឹងកំពុងរង់ចាំសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី ពីក្រុមហ៊ុនចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី០៤ ខែមេសា ខាងមុខនេះ រួមមាន៖ ក្រុមហ៊ុន OPENNET, ICE Electronics, Hagar Catering & Restaurant, BS Land and Home, Major Cineplex Cambodia, Click, UMG Cambodia, Asia Wei Luy , Baitong Hotel, JIN BEI GROUP។ ក្រុមហ៊ុនទាំង១០នេះ នឹងបង្ហាញវត្តមាន នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែមេសា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាង មកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើស កម្លាំងពលកម្មអាចទទួលបានសេវាផ្តល់ ជូនដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ។
សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕