(ភ្នំពេញ)៖ ក្រុមហ៊ុន iL BRiLLE Co.,Ltd នៃប្រទេសជប៉ុន កំពុងធ្វើការសិក្សា ស្រាវជ្រាវ និងរៀបចំផែនការវិនិយោគ លើការកែច្នៃសូត្រកម្ពុជា ឲ្យទៅជាគ្រឿងសំអាង (គ្រឿងកែសម្ផស្ស និងគ្រឿងតុបតែងស្ត្រី)។
ជាក់ស្ដែងនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនភ្ញៀវជ្រាបអំពីការវិវត្តន៍រីកចម្រើនបញ្ហាប្រឈម និងវិសាលភាព នៃការដាំដុះ ការនាំចេញ និងទិសដៅរបស់ក្រសួង ក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
លោករដ្ឋមន្ដ្រីក៏សង្ឃឹមថា តាមរយៈលោក Takahashi Fumiaki នឹងអាចទាក់ទាញអ្នកវិនិយោគគិន ពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ពិសេសលើការកែច្នៃវត្ថុធាតុដើម ទៅជាផលិតផល សម្រេចសម្រាប់ផ្គត់ផ្គង់ ទាំងទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។
ពាក់ព័ន្ធនឹងការលើកឡើង របស់លោករដ្ឋមន្ត្រី អំពីការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុន មកវិនិយោគនៅកម្ពុជា លោក Takahashi Fumiaki បានបញ្ជាក់ជូន លោករដ្ឋមន្ត្រីជ្រាបថា ប្រធានបទនេះ គឺជាគោលបំណងសំខាន់ នៃជំនួបពិភាក្សានារសៀលថ្ងៃនេះ។
ដោយបច្ចុប្បន្ន ក្រុមហ៊ុន iL BRiLLE Co.,Ltd នៃប្រទេសជប៉ុនកំពុងធ្វើការសិក្សា ស្រាវជ្រាវ និងរៀបចំផែនការវិនិយោគលើការកែច្នៃសូត្រ ទៅជាគ្រឿងសំអាង ហើយដើម្បីឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យ លោក Takahashi Fumiaki ស្នើសុំការណែនាំ និងកិច្ចសហការពីលោករដ្ឋមន្ត្រី ដើម្បីអភិវឌ្ឍវិស័យសូត្រកម្ពុជា ជាប្រយោជន៍ដល់ប្រជាកសិករ និងភាពល្បាញល្បីនៃសូត្រកម្ពុជាលើទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រី បានធ្វើការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយលោកសន្យាថា នឹងផ្ដល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យដូចរំពឹងទុក។
ទន្ទឹមនឹងនេះ លោកមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីបង្កើតក្រុមការងារសិក្សា ស្រាវជ្រាវ និងវាយតម្លៃជាលំអិត អំពីសក្តានុពល នៃផលិតកម្មសូត្រ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការបំពេញនូវតម្លៃបន្ថែម តាមរយៈការប្រើប្រាស់យន្តការទំនើបកម្ម បច្ចេកទេសខ្ពស់ និងស្លាកសញ្ញសំគាល់។
ជាមួយនេះ លោករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុន ធ្វើការរៀបចំសេចក្តីព្រាង សម្រាប់ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុន សម្រាប់សហការធ្វើការឲ្យទទួលបានជោគជ័យ នាពេលអនាគត៕