(ភ្នំពេញ)៖ ផែនការយុទ្ធសាស្រ្តប្រយុទ្ធនឹងជំងឺអេដស៍៥ឆ្នាំ ជាផែនការមួយចូលរួមចំណែក ជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញា លុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ ធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យមានការឆ្លងមេរោគអេដស៍ និងគ្មានអ្នកស្លាប់ដោយសារជំងឺអេដស៍ និងអ្នកជំងឺអេដស៍។ នេះគឺជាការលើកឡើងរបស់ លោក សុខ ប៊ុន ថា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាតំណាងរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្វែងរកធាតុចូល ក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តប្រយុទ្ធ នឹងជំងឺអេដស៍៥ឆ្នាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំធ្វើនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្រ្តីក្រសួងសង្គមកិច្ច រួមនឹងប្រធានដៃគូអង្គការពាក់ព័ន្ធជាច្រើននាក់ទៀត។
សិក្ខាសាលាស្វែងរកធាតុចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តប្រយុទ្ធ នឹងជំងឺអេដស៍៥ឆ្នាំ ជាមួយអង្គការដៃគូ ពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងការការពារ និងថែទាំជនរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍ និងកិច្ចការសំខាន់ៗជាច្រើនទៀត ដើម្បីស្វែងយល់ពីចំណុចខ្វះខាត និងធ្វើការកែលម្អឡើងវិញឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក សុខ ប៊ុនថា បានថ្លែងអំរគុណដល់អាជ្ងាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ របស់ក្រសួងសង្គមកិច្ច ព្រមទាំងអង្គការដៃគូ ដែលបានរាប់បញ្ចូល អ្នកផ្ទុកមេរោគអេដស៍ ក្នុងក្រុមងាយរងគ្រោះពិសេស ដែលត្រូវទទួលបានការគាំពារសង្គម និងគាំទ្រគំនិតល្អៗ ដែលលើកឡើង អំពីតម្រូវការ ក្នុងការផ្សារភ្ជាប់ជាយុទ្ធសាស្រ្ត និងជាប្រព័ន្ធ។
លោក សុខ ប៊ុន ថា បានបន្តថា នៅក្នុងសិក្ខាសាលានាថ្ងៃនេះ ក៏មានការរំលេចឡើងពីសារសំខាន់ នែការឆ្លើយតបទៅនឹងការរើសអើង មាក់ងាយ និងសិទ្ធិមនុស្ស របស់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ ក្នុងបរិបទនៃកិច្ចគាំពារសង្គម និងការផ្សព្វផ្សាយឲ្យសមាជិកគណៈកម្មាធិការ និងអង្គការដៃគូ បានដឹងពីយុទ្ធសាស្រ្តជាតិ ទូលំទូលាយប្រយុទ្ធនឹងជំងឺអេដស៍ លើកទី០៤ ឆ្នាំ២០១៥-២០២០។
លោក សុខ ប៊ុនថា បន្ថែមទៀតថា ក្នុងសិក្ខាសាលានេះក៏បានលើកឡើងពី ប្រធានបទសិក្សាស្វែងយល់ពីបទពិសោធន៍ របស់អង្គការដៃគូ និងស្វែងយល់ពីចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឡើងវិញឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្រៅពីនោះក៏មានការអនុវត្តឲ្យបាននូវសេចក្តីសម្រេចចិត្ត ដែលដាក់ចេញដោយសេចក្តីសម្រេចរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ដែលបានប្រជុំនាពេលកន្លងមក។
ជាមួយគ្នានោះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជាពិសេសចំពោះបុព្វហេតុជនរងគ្រោះ ដោយមេរោគអេដស៍ ជំងឺអេដស៍ និងជនងាយរងគ្រោះដទៃទៀតយ ដោយបានតាក់តែង និងដាក់ឲ្យអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាច្រើនសំដៅដល់ការការពារ និងថែទាំជនរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងកោតសសើរចំពោះ ក្រសួងសង្គមកិច្ច និងអង្គការដៃគូទាំងអស់ដែលបានរួមគ្នាសហការ និងធ្វើសកម្មភាពលើគ្រប់ការងារ ដែលជួយ និងការពារទៅដល់ នរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍នាពេលកន្លងមក។
លោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង បន្ថែមថា ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសង្គមកិច្ច និងអង្គការដៃគូទៀត ដើម្បីកាត់បន្ថយឲ្យបាននូវចំនួនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា មិនថាតែការជួយជាធនធានមនុស្ស សម្ភារៈ និងថវិកា ព្រមទាំងបច្ចេកទេសជាដើម៕