(ព្រៃវែង)៖ មនុស្សចំនួន៥នាក់ ក្នុងនោះមានមន្រ្តីនគរបាលស្រុកព្រះស្តេច២នាក់ និងម្ចាស់រថយន្តរួមជាមួយមិត្តភក្តិ៣នាក់ទៀត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការបាញ់សម្លាប់អ្នកបើក រថយន្តដាក់ពន្ធនាគារ ដោយចោទរូបគេជាចោរលួចរថយន្ត។ នេះបើយោងតាមដីរបស់លោក កែ សាខន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។
នៅដីការបស់តុលាការបានបញ្ជាក់ថា សម្រាប់ជនជាប់ចោទ២នាក់ ដែលជាមន្រ្តីនគរបាលត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងការប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» ខណៈ៣នាក់ទៀត ដែលជាម្ចាស់រថយន្ត និងជាមិត្តិភក្តិនោះត្រូវបានចោទប្រកាន់ពីបទ «ប្តឹងបរិហាបង្កាច់កេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃុំខ្លួនរួមមាន៖
*ទី១៖ ឈ្មោះ ជឹម រតនៈ ជាអ្នកបាញ់ជនរងគ្រោះ មានតួនាទីជានាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាល ស្រុកព្រះស្តេច។ សម្រាប់ឈ្មោះ ជឹម រតនៈ ត្រូវបានគេដឹងថាជាកូនប្រុសលោកឧកញ៉ា ជឹម សុខ ល្បីខាងរកស៊ីទិញ និងលក់គោ ក្របីមួយរូបនៅខេត្តព្រៃវែង។
*ទី២៖ ឈ្មោះ ជឹម វិន ជាអ្នកបាញ់ និងមានតួនាទីជា មន្ត្រីនគរបាលប៉ុស្តិ៍កំពង់សឹង្ហ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច។ មន្រ្តីនគរបាលម្នាក់ ត្រូវបានគេដឹងថា ជាក្មួយប្រុសរបស់ឧកញ៉ា ជឹម សុខផងដែរ។
*ទី៣៖ ឈ្មោះ សេង ឈិន ដែលជាម្ចាស់បណ្ដឹងដោយចោទជនរងគ្រោះជាចោរ
*ទី៤៖ ឈ្មោះ ផាន់ សុឌី
*ទី៥៖ ឈ្មោះ ឈុន ឡាយ ដែលជនទាំងពីរនាក់ជាមិត្តភ័ក្ររបស់ដើមបណ្ដឹង ហើយត្រូវបានសមត្ថកិច្ចចោទថា ផ្ដល់សក្ខីកម្មមិនពិត ដែលនាំឲ្យមានការផ្ទុះអាវុធរហូតស្លាប់ជនរងគ្រោះតែម្ដង។ ដោយឡែក មនុស្សចំនួន៤នាក់ រួមមាន៖ អ្នករួមដំណើរជាមួយជនរងគ្រោះ អ្នកបើកឡានឲ្យជនដែលផ្ទុះអាវុធ និងមនុស្ស២នាក់ ដែលរួមដំណើរជាមួយអ្នកដើមបណ្តឹង សមត្ថកិច្ចបានដោះលែង ដោយធ្វើកិច្ចសន្យាឲ្យត្រលប់មកធ្វើជាសាក្សី វិញ ពេលណាដែលសមត្ថកិច្ចត្រូវការ។
សម្រាប់នាយនគរបាលប៉ុស្តិ៍កំពង់សឹង្ហ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេចលោក ជា ឡាឌីន ដែលដឹកនាំកម្លាំងដោយអត្តនោម័ត ត្រូវបានដកមុខតំណែងពីមេប៉ុស្តិ៍ដើម្បីស្រាវជ្រាវបន្ត។
សូមបញ្ជាក់ថា ករណីផ្ទុះអាវុធ កាលពីម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ ស្លាប់។ តាមដំណើររឿង ត្រូវបានសមត្ថកិច្ចឲ្យថា ជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុទ្ធ (ជាម្ចាស់រថយន្ត) បានយកប្រាក់ ៣០០០ដុល្លារពីឈ្មោះ សេង ឈិន ទៅលោះយករថយន្តរបស់ខ្លួន ដែលបានបញ្ចាំ រួចយករថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលឲ្យជនជាតិចិន បានរយៈពេល៣ខែ ហើយក្នុង១ខែ ទទួលបាន៤៥០ដុល្លារ (ចែកគ្នាបាន២២៥$ម្នាក់)។ លុះដល់ថ្ងៃកើតហេតុ ដោយសាររថយន្តនោះខូច និងដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះ បានយករថយន្តនោះ មកជួសជុលដែលជាមូលហេតុបណ្តាលឲ្យឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់ រហូតមានការផ្ទុះអាវុធបែបនេះតែម្តង។
បើតាមរបាយការណ៍របស់សមត្ថកិច្ច នៅកន្លែងកើតហេតុវិញ មានការបាញ់ដោយកាំភ្លើងចំនួន១០គ្រាប់ដោយឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ក្នុងនោះគ្រាប់កាំភ្លើង៥ គ្រាប់បានចំទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់៕