(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយរថយន្ដមួយគ្រឿង បានបុករះបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ (ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងមនុស្ស៦នាក់ផ្សេងទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមរយៈវីដេអូរបស់ជនរងគ្រោះម្នាក់ ដែលបានថត selfie បានបង្ហាញថា ក្រុមជនរងគ្រោះកំពុងតែផឹកស៊ី និងរាំលេងយ៉ាងសប្បាយនៅលើផ្លូវឌឿងហែម ដើម្បីចូលរួមពិធីបុណ្យឡើងអ្នកតា ដែលពួកគាត់នៅតំបន់នោះទម្លាប់ធ្វើរាល់ឆ្នាំ ប៉ុន្តែកំពុងថត selfie និងលើកស្របៀរផឹកនោះ ក៏ត្រូវរថយន្តបង្កបើកមកបុករះយ៉ាងរន្ធត់តែម្តង (សូមទស្សនាវីដេអូ)

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចមុខផ្ទះលេខ១២ ផ្លូវលេខ៣២៤ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបង្កដោយរថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AN-2395 បើកបរដោយឈ្មោះ ទឹម គឹមទិច អាយុ៣៣ឆ្នាំ ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្កបើកបរក្នុងទិសដៅពីជើង ទៅត្បូង តាមបណ្ដោយផ្លូវលេខ៣២៤ លុះដល់កន្លែងកើតហេតុ ស្រាប់តែ ជ្រុលចង្កូតរថយន្ដបុកមនុស្សកំពុងអង្គុយមុខផ្ទះលេខ១២ បណ្តាលឲ្យ ស្លាប់ចំនួន០២នាក់ (កន្លែងកើតហេតុម្នាក់ បញ្ជូនទៅដល់មន្ទីរពេទ្យម្នាក់) និងរងរបួសធ្ងន់ ចំនួន៦នាក់។

អធិការនគរបាលខណ្ឌទួលគោករូបនេះ បានបន្ថែមទៀតថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារតែអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនយ៉ាងលឿន។ បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីស្រាយបន្ដតាមនីតិវិធី។

លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញរបស់លោកកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត៕