(កំពង់ឆ្នាំង)៖ នៅអនុវិទ្យាល័យក្បាលទឹក មានរៀបចំការអប់រំ និងផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ អនុវិទ្យាល័យក្បាលទឹក ស្ថិតនៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្ថិតនៅលើផ្លូវជាតិលេខ៥៣ ដែលតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅផ្លូវជាតិលេខ៤៤ នៃខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះ ដោយមានការចូលរួមពីលោក ប៉ិច ហេង មន្រ្តីសម្របសម្រួល នៃអង្គភាព ស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ពា គីមវង ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកនាយកសាលា រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២៥០នាក់។
ក្នុងឱកាសនោះ លោក ប៉ិច ហេង បានថ្លែងថា «ផ្លូវមិនមែនជាមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះទេ តែអ្នកប្រើប្រាស់ផ្លូវទៅវិញទេ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្ទើរជារៀងរាល់ថ្ងៃនៅលើដងផ្លូវ នៃកម្ពុជា។ លោកបានបន្ថែមថា កត្តាមនុស្សបានបង្ក និងបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗជាតិជាច្រើន រួមទាំងបន្សល់ទុកនូវ ផលវិបាកជាច្រើនដល់សង្គម និងគ្រួសារ»។
ក្នុងពេលជាមួយគ្នានោះដែរ លោក គីម មាន នាយកអនុវិទ្យាល័យក្បាលទឹក បានថ្លែងថា បច្ចុប្បន្នលោកសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សស្ទើរជារៀងរាល់ថ្ងៃ ហើយលោកមានការព្រួយបារម្មណ៍ ចំពោះសុវត្ថិភាពរបស់ប្អូនៗដែលទៅ និងមកសាលារៀនដែលពួកគេ ជាថ្មើរជើង ជាអ្នកប្រើប្រាស់កង់ និងខ្លះប្រើប្រាស់ម៉ូតូ។
នាយកអនុវិទ្យាល័យក្បាលទឹក បានបញ្ជាក់ថា សិស្សានុសិស្សមួយចំនួន ដែលមានផ្ទះនៅឆ្ងាយជាង១៥គីឡូម៉ែត្រ ពីសាលាដែលឪពុកម្តាយបង្ខំចិត្តទិញម៉ូតូ ឲ្យប្រើប្រាស់ទាំងពួកគេមិនដែលបានយល់ដឹងស្តីពី ការប្រើប្រាស់ម៉ូតូ និងការប្រើប្រាស់ផ្លូវសោះ។
លោក ពា គីមវង ក៏បានប្រាប់ពីគោលបំណង នៃការអប់រំ និងផ្សព្វផ្សាយនេះថា ការរៀបចំឲ្យមានការអប់រំ និងផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅពេលនេះ គឺក្នុងគោលបំណងចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបានកំពុងគំរាបកំហែងអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ និងធ្វើឲ្យមានការរាំងស្ទះ ដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក រូបនេះ បានបន្ថែមថា កម្មវិធីនេះ នឹងបន្តអប់រំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខ្សែរផ្លូវ រួមទាំងសិស្សានុសិស្ស ដែលរៀននៅតាមសាលា នៅជាប់ដងផ្លូវផងដែរ។
លោក ពា គីមវង បានសំណូមពរឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ពេល ដូចជាការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលហូបគ្រឿងស្រវឹង និងការមិនគោរពសឹទ្ធិអាទិភាព និងបញ្ហាជាច្រើនទៀត។
លោកថា បើទោះបីថ្ងៃនេះ លោកបានលើកយកមូលហេតុគ្រោះថ្នាក់ តែពីរមកចែករំលែកក្តី (ការបើកហួសល្បឿនកំណត់ និងការប្រើប្រាស់មួកសុវត្ថិភាព) តែបានសំណូមពរឲ្យប្អូនៗ ត្រូវស្វែងយល់បន្ថែម តាមរយៈឯកសារដែលបានចែកជូន ដើម្បីជាបំណិនជីវិតទៅថ្ងៃអនាគត។
ក្នុងឱកាសនេះ ក៏មានផ្តល់នូវមួកសុវត្ថិភាព អាវយឺត និងសម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សផងដែរ ដើម្បីសិក្សាស្វែងយល់ និងលើកទឹកចិត្តឲ្យពួកគេចូលរួមគោរពច្បាប់ និងបង្ហាញនូវអាកប្បកិរិយាល្អលើដងផ្លូវ៕