(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបង្ហាញក្ដីបារម្ដចំពោះការកើនឡើងនូវជំងឺមិនឆ្លង ខណៈដែលរបាយការណ៍អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ឆ្នាំ២០១៨កន្លងទៅ ៦៤%នៃការស្លាប់របស់ប្រជាជនកម្ពុជា បណ្ដាលពីជំងឺមិនឆ្លង។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញបើកកម្មវិធី «ការចាប់ផ្ដើមដំណើរការបណ្ដាញសម្ព័ន្ធប្រយុទ្ធនឹងជំងឺមិនឆ្លងនៅកម្ពុជា» ដែលមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍន៍សុខាភិបាល អង្គការ GIZ, P4H, Louvain Coopération, អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលព័ត៌មាន (ម.ព.ជ) សរុបប្រមាណជិត១០០នាក់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា ៦៤%នៃការស្លាប់របស់ប្រជាជនកម្ពុជា បណ្ដាលពីជំងឺមិនឆ្លង ក្នុងនោះមានជំងឺសរសៃរឈាមបេះដូង មានអត្រាស្លាប់ខ្ពស់ជាងគេ គឺ២៤% បន្ទាប់មកគឺជំងឺមហារីក១៤% ជំងឺផ្លូវដង្ហើម៤% និងជំងឺទឹកនោមផ្អែម ២% ។
ជាងនេះទៅទៀត លោកស្រីរដ្ឋលេខាធិការ បានថ្លែងថា ដើម្បីឆ្លើយតបរួមគ្នា ទៅនឹងបន្ទុកដ៏ធ្ងន់ធ្ងរនៃជំងឺមិនឆ្លង ក្រោមការដឹកនាំ និងកិច្ចសហការរបស់ក្រសួងសុខាភិបាល មន្ដ្រីក្រសួងសុខាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍សុខាភិបាលនានា តំណាងវិស័យឯកជន ភ្នាក់ងារអង្គការសហប្រជាជាតិ អ្នកជំនាញវិជ្ជាជីវៈសុខាភិបាល បញ្ញាវ័ន្ដ និងអ្នកជំងឺទឹកនោមផ្អែម នឹងជួបជុំគ្នា ក្នុងភាពជាបណ្ដាញសម្ព័ន្ធដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង ដើម្បីធ្វើការរួមគ្នា ឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺមិនឆ្លងដ៏គួរឱ្យព្រួយបារម្ដ នេះ ដូចដែលបានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់បង្ការ និងទប់ស្កាត់ ជំងឺមិនឆ្លង ២០១៨-២០២៧ ។
លោកស្រី ឱ វណ្ណឌីន ថ្លែងបន្ដថា ភាពរុំារៃនៃជំងឺមិនឆ្លង មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនតែប៉ុណ្ណោះទេ វាក៏ជាមូលហេតុ ដែលធ្វើឱ្យក្រុមគ្រួសាររបស់អ្នកជំងឺអាចធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែពួកគាត់ ត្រូវព្យាបាល និងថែទាំជំងឺរុំារ៉ៃនេះអស់មួយជីវិត ប្រសិនបើមិនបានធ្វើការស្រាវជ្រាវ និងព្យាបាលបានទាន់ពេលវេលា និងសមស្រប នោះទេ
លោកស្រីបន្ដថា ផលវិបាកទាំងនេះ ជារឿយៗបានបំផ្លាញទាំងបុគ្គល ទំាងសហគមន៍ និងមានផលប៉ះពាល់ សេដ្ឋកិច្ចផងដែរ ។ការចងក្រងបណ្ដាញសម្ព័ន្ធ ដើម្បីប្រើប្រាស់យុទ្ធនឹងជំងឺមិនឆ្លងនេះ ផ្ដល់ឱកាសដ៏សំខាន់ មួយសម្រាប់ការអនុវត្ដន៍សកម្មភាព ដែលមានទិសដៅ និងគោលបំណងរួមស្របគ្នា ទៅតាមផែនការយុទ្ធសាស្ដ្រជាតិ និងផែនការពហុវិស័យជាតិ ។
ការដាក់ចេញនូវបណ្ដាញសម្ព័ន្ធប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ គឺជាជំហានដំបូងនៃការចងក្រងសម្ព័ន្ធនេះ ហើយសម្ព័ន្ធប្រយុទ្ធនឹជំងឺមិនឆ្លងនេះ គឺជាបណ្ដាញសមាជិកដែលស្ថិតនៅក្រៅវិស័យសុខាភិបាល ដើម្បីឆ្លើយតប ទៅនឹងមូលហេតុដ៏ទូលំទូលាយ នៃជំងឺមិនឆ្លង រួមមាន៖ ទំនើបកម្ម និងបរិស្ថានដែលពាក់ព័ន្ធនឹងខ្យល់ ការផ្លាស់ប្ដូររបបអាហារ និងអាហារសំបូរជាតិខ្លាញ់ ព្រមទាំងការជក់បារី និងពិសាគ្រឿងស្រវឹង ប្រកដោយគ្រោះថ្នាក់ គឺជាការផ្លាស់ប្ដូរ បែបផែននៃជីវិត រស់នៅដែលមានការប្រឈមទៅនឹងការកើតឡើងនូវជំងឺមិនឆ្លង ។
ជាងនេះទៅទៀត លោកស្រីវរជ្ជបណ្ឌិត បានថ្លែងថា គោលបំណងដ៏ចម្បង គឺចូលរួមចំណែក កាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃជំងឺមិនឆ្លងមកលើសុខភាព និងសុខុមាលភាព នៃប្រជាជនកម្ពុជា រួមទាំងកាត់បន្ថយការចំណាយក្នុងគ្រួសារ និងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាន ដល់សេដ្ឋកិច្ច តាមរយៈការតស៊ូមតិ ដើម្បីបង្កើនសកម្មភាពប្រយុទ្ធនឹងជំងឺមិនឆ្លង ពីគ្រប់ភាគី ដើម្បីចូលរួមអនុវត្ដន៍ផែនការជាតិ ទាំងពីរ ៕