(តាកែវ)៖ រូបសំណាក «តាកែវ យាយកែវ» និងរូបសំណាក «ផ្កាឈូក» ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក សង្កាត់រក្រៅ ក្រុងដូនកែវ ត្រូវបានរៀបចំធ្វើពិធីអភិសេកនារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមានលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកស្រី ព្រមទាំងអស់លោក លោកស្រី មន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវយ៉ាងច្រើនកុះករ។
លោក អ៊ូច ភា បានចាត់ទុកការជួលជុលផ្កាឈូក និងរូបសំណាកតាកែវ យាយកែវ ដែលបានធ្វើរូចរាល់នៅពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តតាកែវ ជាពិសេសសម្រាប់ទុក្ខជាទីគោរព សក្ការៈ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ដែលតែងតែនាំគ្នាមកអុជធូប បន់ស្រន់សុំសេចក្ដីសុខពីរូបសំណាកតាកែវ យាយកែវ។
អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ខេត្តតាកែវបច្ចុប្បន្នជាពិសេស ក្រុងដូនកែវកំពុងតែមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ជាពិសេសការជួសជុលកែលម្អផ្លូវថ្នល់ក្រាលកៅស៊ូ បំពាក់បង្គោលភ្លើងតាមដងផ្លូវ និងការកសាងជួលជុលកែលម្អរសួនច្បារនៅក្នុងខេត្តឲ្យកាន់តែស្រស់បំព្រងឡើង។ សមិទ្ធផលទាំងអស់នេះ ពិតជាមិនអាចកើតមានបានឡើយ បើគ្មានការចូលរួមពីមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល។
នៅក្នុងឱកាសនោះអភិបាលខេត្តតាកែវ អ៊ូច ភា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជួយថែរក្សាសមិទ្ធផលទាំងអស់ នៅក្នុងខេត្តតាកែវ តាមរយៈជួយថែរក្សាសម្អាតអនាម័យ ដើម្បីធ្វើយ៉ាងណាឲ្យសោភ័ណភាពនៅក្នុងខេត្តតាកែវ កាន់តែស្រស់បំព្រងទ្វេឡើង និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិឲ្យចូលមកកម្សាន្តនៅក្នុងខេត្តតាកែវកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា ការជួសជុលរូបសំណាកតាកែវយាយកែវ និងកសាងរូបសំណាកផ្កាឈូកនេះ ជាគំនិតផ្តូចផ្ដើមកសាងឡើងដោយលោក អ៊ូច ភា និងលោកស្រីព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋដោយចំណាយអស់ថវិកាជាង៣ម៉ឺនដុល្លារ។ ការកសាងជួសជុលរូបសំណាកតាកែវយាយកែវ និងរូបសំណាកផ្កាឈូក ត្រូវទទួលការស្ថាបនាសាងសង់ដោយលោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ដោយត្រូវចំណាយពេលស្ថាបនារយៈពេលជាង ៣ខែ៕