(ភ្នំពេញ)៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ដោយមានសិស្ស-និស្សិតចូលរួមចំនួន ២,៦៧៥នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួនជាង ១៥០០នាក់ចូលរួមផងដែរ។
ការបោះជំរំនេះក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «ការអប់រំចិត្តយុវជនឲ្យមានភាព ជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ។
កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងអប់រំចិត្តយុវជនឲ្យប្រព្រឹត្តតែអំពើល្អ និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត ប្រកបដោយសីលធម៌ និងគុណធម៌។
ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗ រួមមាន៖ លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ, លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ, លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ច្បាប់ចរាចរណ៍ផ្លូវគោក) និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។
បន្ទាប់ពីលោក ហា ឈើល ប្រធានអង្គការសម័្ពន្ធយុវជនអន្តរជាតិនៅកម្ពុជា ធ្វើរបាយការណ៍រួចមក លោកបណ្ឌិត លី ឆេង បានលើកឡើងថា ការបោះជំរំនេះ ក្នុងគោលបំណង ៤គឺ ៖ទី១៖យល់ដឹងអំពីការអប់រំចិត្តខ្លួនឯង ចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ សាសនា ។ល។, ទី២៖ត្រូវចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម (Teamwork) និងចែករំលែក បទពិសោធន៍ ពីគ្នាទៅវិញទៅមក (Share Experiences), ទី៣៖អញ្ជើញវាគ្មិនសំខាន់ៗ មកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្មួយៗ និងទី៤៖ចេះហាត់ពត់ខ្លួនឯង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសីលធម៌ និង គុណធម៌ នាពេលអនាគត ស្របតាមគតិបណ្ឌិតប៊ែលធី «រៀនធ្វើជាថ្នាក់ដឹកនាំ មុខពេលក្លាយខ្លួនជាអ្នកដឹកនាំ (Learn to be a leader before becoming a leader)»។
ក្នុងពិធីបើក លោក ស៊ាន បូរ៉ាត បានថ្លែងថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និង លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង។
លោក ស៊ាន បូរ៉ាត បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំ សម្រាប់ឲ្យយុវជន របស់យើង មានចំណេះដឹងពិតប្រាកដ មានសីលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត អាចចេះពិចារណា រកហេតុនឹងផល ឲ្យឃើញ នេះជាចំណុចដ៏សំខាន់ណាស់ ហើយលោកគិតថា វាគ្មិនដល់សំខាន់ៗ ជាតិ-អន្ដរជាតិ នឹងមកបង្ហាញ អំពីរបៀប នៃប្រធានបទ ហើយពិតជាបានផ្ដល់ឱកាសដល់ពិតប្រាកដ សម្រាប់ប្អួនៗ និងក្មួយៗ ក្លាយទៅជាជន ដែលមានចំណេះដឹង តាមរយៈការសិក្សានេះ ពីវាគ្មិនជាតិ-អន្ដរជាតិ។
លោក ស៊ាន បូរ៉ាត បានបន្តថា ប្រសិនបើយុវជនខ្វះសិលធម៌ ដើរខុសទិស ហើយទៅរកគោលដៅដែលគេអត់ចង់បាន សង្គមមិនទទួលស្គាល នេះហើយជាបរិបទ របស់សង្គម ដែលយើងកំពុងធ្វើកិច្ចការងារនេះ ដើម្បីអប់រំយុវជន។ យុវជនគឺជាក្រដាស ដ៏ ស ស្អាត ប្រសិនបើ អូសទាញគេទៅរកផ្លូវល្អ ពួកគេនឹងក្លាយទៅជាជន ដែលមានភាពប្រសព្វ មានភាពទៅឆ្លាត ហើយអាចបណ្ដុះចិត្តគំនិត តាមរយៈការផ្ដល់ នៅចំណេះដឹង ដ៏ពួកគេគ្រប់ៗគ្នា។
លោកបានបន្តថា ដើម្បីឲ្យប្អូនៗក្មួយៗក្លាយទៅជាជន ដែលមានសក្ដានុពល ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីបន្ដវេនក្នុងការដឹកនាំប្រទេសជាតិ ទៅថ្ងៃអនាគត គោលការណ៍ដល់សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ចាប់ពីមតេយ្យសិក្សា រហូតដល់ឧត្តមសិក្សា៕