(ចិន)៖ ក្នុងឱកាសនៃការចូលរួមសន្និសីទនៃវេទិកាប័រអាវសម្រាប់អាស៊ី (Boao Forum for Asia -Annual Conference 2019) នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោក អ៊ាង សុផល្លែត បានផ្តល់បទសម្ភាសន៍ជូនស្ថានីយ៍ទូរទស្សន៍ Sanshan TV អំពីការគ្រប់គ្រងសមុទ្រដោយនិរន្តភាពសម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម អត្ថប្រយោជន៍សមុទ្រសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងការចែករំលែកវិធានការគតិយុត្ត និងបច្ចេកទេស ដែលកម្ពុជាបានអនុវត្តកន្លងមកលើការគ្រប់គ្រង និងអភិរក្សសមុទ្រ។
ក្នុងបទសម្ភាសន៍នោះលោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចលើផ្ទៃសមុទ្រមានការរីកនូវវិសាលភាពគួរកត់សម្គាល់ ដោយសារកត្តាជាច្រើន រួមមានកំណើនប្រជាជន កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលសកម្មភាពទាំងនេះបានជះឥទ្ធិពលដល់ការធ្លាក់ចុះនូវតុល្យភាពនៃស្ថានភាពសមុទ្រ។ បញ្ហាទាំងនេះ ចាំបាច់ត្រូវមានសកម្មភាព និងការអភិវឌ្ឍរួម ដើម្បីអនាគតទាំងអស់គ្នា។
ក្នងន័យនេះ វេទិកាស្តីពី «Deep Blue: The Familiar Unknown» ដែលមានការចូលរួមពីវិស័យរដ្ឋាភិបាល ឯកជន និងអ្នកស្រាវជ្រាវ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងបានស្នើបន្ថែមនូវការពង្រឹងវិធានការការពារ និងគ្រប់គ្រងសមុទ្រ តាមរយៈសកម្មភាពជាតិនីមួយៗ សកម្មភាពរួមក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកសំរេចបាននូវគោលដៅទី១៤ នៃគោលដៅអភិវឌ្ឍដោយចីរភាព។
ឆ្លើយតបនឹងសំណួរស្តីពីវិធានការក្នុងការរួមចំណែករបស់កម្ពុជា លោករដ្ឋលេខាធិការបានលើកឡើងថា កម្ពុជាបានទទួលស្គាល់នូវសក្តានុពលសេដ្ឋកិច្ចពីសមុទ្រ និងតំបន់ឆ្នេរ និងបានចាត់នូវវិធានការជាបន្តបន្ទាប់ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈការដាក់ចេញគោលនយោបាយ និងរបៀបវារៈនៃការអភិវឌ្ឍដោយនិរន្តភាព។
លោក អ៊ាង សុផល្លែត បន្តថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិកម្ពុជា បានកំណត់ពីសកម្មភាព និងវិធានការជាក់លាក់លើការគ្រប់គ្រងដោយនិរន្តភាពនូវធនធានជលផលសមុទ្រ ការអភិរក្សតំបន់សមុទ្រនិងឆ្នេរសមុទ្រជាដើម។ កម្ពុជាក៏បាននិងកំពុងរៀបចំក្រមស្តីពីបរិស្ថាន និងធនធានធម្មជាតិ ដែលជាលិខិតបទដ្ឋានគតិយុត្តមួយដ៏សំខាន់ ដែលមានវិសាលភាពគ្របដណ្តប់លើការពង្រឹងបន្ថែមការគ្រប់គ្របបរិស្ថានសមុទ្រ និងតំបន់ឆ្នេរ និងការអភិរក្សជីវៈចម្រុះសមុទ្រ៕