(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៨ ប្រទេសកម្ពុជា ទទួលបានជើងហោះហើរជាង១០ម៉ឺនជើង កើនឡើង១៦.២% ធៀបនឹងឆ្នាំ២០១៧ និងអ្នកដំណើរជាតិ-អន្តជាតិ តាមផ្លូវអាកាសបានជាង១០លាននាក់។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា ទទួលបានជើងហោះហើរ ចំនួន១០៤,៨០៣ជើង កើនឡើង១៦.២% ធៀបនឹងឆ្នាំ២០១៧ អ្នកដំណើរជាតិ និងអន្តជាតិ តាមផ្លូវអាកាសចំនួន ១០,៥៥៦,៥៤៧នាក់កើន ឡើង២១.១% ធៀបនឹងឆ្នាំ២០១៧ ទំនិញបានចំនួន៧៤,៦៥៥ តោន កើនឡើង១៥.១% ធៀបនឹងឆ្នាំ២០១៧»។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ទៀតថា «ជើងហោះហើររំលងបានចំនួន៦៦,០៩២ជើង កើនឡើង១៣% ធៀបនឹងឆ្នាំ២០១៧ និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកមានចំនួន៤៧ក្រុមហ៊ុន កើនឡើង២% ធៀបនឹងឆ្នាំ២០១៧»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានអំពាវនាវរដល់បណ្តាលក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ឲ្យបន្តពង្រឹងនូវកិច្ចសហការ ក្នុងភាពជាដៃគូរកម្រិតជំនាញ ជាមួយរដ្ឋលេខាធិការដ្ឋានអាការចស៊ីវិល ដើម្បីជំរុញឲ្យវិស័យនេះ កាន់តែមានការវិវត្តន៍ ប្រសើរឡើងបន្ថែមទៀត។
រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋលេខាធិកាដ្ឋាន អាកាសចរស៊ីវិល ខិតខំយកចិត្តទុកដាក់ បំពេញតួនាទី ឲ្យបានខ្ជាប់ខ្ជួនធ្វើយ៉ាងណា សម្រេចឲ្យបាននូវគោលដៅអនុវត្ត នាឆ្នាំ២០១៩ ខាងមុខនេះ ក្រោមកិច្ចសហការ ពីគ្រប់បណ្តាអង្គភាពផ្សេងៗ ប្រកបដោយបរិយាកាសរីករាយ និងរលូនទៅមុខ៕