(កំពង់ចាម)៖ អគ្គិភ័យមួយករណីបានកើតឡើងទាំងព្រឹកព្រលឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងរោងចក្រជូហួយ ដែលមានទីតាំងស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលបានចុះអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយទទួល បានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ បញ្ចេញរថយន្ដអគ្គិភ័យទៅធ្វើអន្ដរាគមន៍ ដើម្បីសហការគ្នាជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ អគ្គិភ័យនេះក៏ត្រូវសមត្ថកិច្ចរបស់លោកគ្រប់គ្រងបាន ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ៣០សឺទែន សាប៊ូ ២០កេស ស្មើ១០០គីឡូក្រាម ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ១៥បំពង់ ដោយប្រើប្រាស់កម្លាំង ចូលរួមសហការចំនួន ៩៥នាក់។
លោកបញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យដែលចេញជួយអន្ដរាគមន៍ មានចំនួន ១០គ្រឿង ក្នុងនោះរួមមាន រថយន្តខេត្ត ២គ្រឿង, ស្រុកបាធាយ ២គ្រឿង, ជើងព្រៃ ១គ្រឿង, កំពង់សៀម ១គ្រឿង, កងមាស ១គ្រឿង, ព្រៃឈរ ១គ្រឿង និងចំការលើ ១គ្រឿង និងមានការសហការរវាងរថយន្តអគ្គិភ័យស្រុកបារាយណ៍ ខេត្តកំពង់ធំ ១គ្រឿងទៀត។
លោកស្នងការបន្ថែមថា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានដឹងនៅឡើយទេ ព្រោះកំពុងស្រាវជ្រាវទៅតាមជំនាញ ពេល កម្មករបើកទ្វារឡើងបម្រុងចូលធ្វើការឃើញឆេះតែម្ដង។ ដោយឡែក ទំហំនៃការខូចខាត អស់អាគារ១ខ្នង និងសម្ភារមួយចំនួនទៀត៕