(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រធានក្រុមការងារចុះជួយឃុំម្សាក្រង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះប្រគល់ថវិកាជូនប្រជាពលរដ្ឋ២គ្រួសារ ដែលបានរងផលប៉ះពាល់ពីការអភិវឌ្ឍស្ពានថ្មមួយកន្លែង ដែលស្ថិតនៅក្នុង ភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រធានក្រុមការងារចុះជួយឃុំម្សាក្រង បានថ្លែងថា ស្ពាននេះកន្លងមកគឺជាស្ពានឈើ ដែលមានសភាពទ្រុតទ្រោម មិនអាចធ្វើការឆ្លងកាត់បាន ទើបក្នុងនាមលោកជាប្រធានគណៈកម្មការចុះជួយឃុំ និងដោយមានការស្នើរសុំពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ស្របទៅនឹងស្ថានភាពជាក់ស្តែង ក៏ដូចជាផលលំបាករបស់ប្រជាពលរដ្ឋ ផងនោះ ដូច្នេះហើយទើបលោកបានស្នើសុំទៅថ្នាក់លើ ដើម្បីសាងសង់ស្ពាននេះឡើង តាមរយៈលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិសេសដោយមានការសំរេចដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបមានការសាងសង់ស្ពាននេះឡើង។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានបន្ថែមទៀតថា ជាមួយគ្នានឹងការទទួលបានសមិទ្ធិផលថ្មីមួយនេះ យើងក៏មានការជួបនូវផលប៉ះពាល់មួយចំនួនផងដែរ ជាមួយនឹងបងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្បែស្ពាន ប៉ុន្តែដោយមានការលះបង់ របស់ពួកកាត់ ទើបក្រុមការងារអាចសាងសង់ទៅបានយ៉ាងរលូន ដោយធ្វើការដោះស្រាយគោលនយោបាយជូនពួកគាត់ ចំពោះការប៉ះពាល់នេះ ២គ្រួសារ មានដូចជាគ្រួសារទី១ ឈ្មោះ សយ ណាន ភេទស្រី អាយុ ៥៦ឆ្នាំ ខូចខាតដីផ្ទះ និងទី២ ឈ្មោះ ឈុំ ជា ភេទស្រី អាយុ ៥៤ឆ្នាំ ខូចខាតដីចំការត្រសក់។ ដែលសំណងថវិកាសរុបចំណាយអស់ ២លាន៧៥ម៉ឺនរៀល។
លោកបានបន្ថែមទៀតថា ក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយឃុំម្សាក្រង ព្រមទាំង អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំម្សាក្រងខេត្តកំពង់ធំទាំងអស់ សូមថ្លែងអំណរគុណ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ ! មាន សម្តេចតេជោ មានការអភិវឌ្ឍន៍លើគ្រប់វិស្ស័យ ៕