(ព្រះសីហនុ)៖ យុវសិស្ស២នាក់ អាយុមិនដល់២០ឆ្នាំផង បានស្រាប់ស្លាប់គួរឲ្យសង្វេគ ដោយសារតែរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន «អេស ភី ខនគ្រីត» មួយគ្រឿងបើកបុកពេញទំហឹងតែម្តង។ សម្រាប់អ្នកបើករថយន្តបង្ក បានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ ខណៈសពក្មេងរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររងគ្រោះ ទាំងក្តីអាឡោះអាល័យពន់ពេក។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើវិថីផែ ត្រង់ចំណុចកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

របាយការណ៍បានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តក្រឡុកបេតុង ១គ្រឿងម៉ាក DONGFENG ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 5A-0119 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន អេស ភី ខនគ្រីត អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណមានទិសដៅពីកើត ឆ្ពោះទៅលិច លុះដល់ចំណុចខាងលើបុកពីខាងក្រោយម៉ូតូ ១គ្រឿងម៉ាក HONDA BEAT ពណ៌ស ពាក់់ផ្លាកលេខព្រះសីហនុ 1H-6718របស់ជនរងគ្រោះទាំង២នាក់។

ជនរងគ្រោះជាអ្នកបើកបរឈ្មោះ ឆេង ប៊ុនស៊ឺ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានអ្នករួមដំណើរម្នាក់ឈ្មោះ លីម កាលីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរមានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុ។

សាកសពបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តបង្ករត់គេចបាត់ទុករថយន្តនៅកន្លែងកើតហេតុ។ សម្រាប់វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបន្តតាមនីតិវិធី៕