(ភ្នំពេញ)៖ អាជីពជាគ្រូបង្រៀនមានការផ្តល់តម្លៃខ្ពស់ ក៏ព្រោះអាជីពនេះបានជួយបណ្តុះបណ្តាលមនុស្សឲ្យមានចំណេះដឹង និងឈានទៅសាងអនាគតមួយដ៏ប្រសើរ។ បើទោះបីអាជីពមួយនេះបានរួមជាចំណែកផ្តល់នូវចំណេះដឹង និងបង្កើតនូវធនធានមនុស្សសម្រាប់សង្គមជាតិយ៉ាងណាក្តី ក៏មានមនុស្សមួយចំនួនលើកឡើងថា ការធ្វើជាគ្រូជីវភាពមិនប្រសើរនោះឡើយ។
ពាក្យមួយឃ្លានេះក្លាយជាអាវុធប្រហារទឹកចិត្តគ្រូបង្រៀនមិនតិចនោះទេ ហើយក៏ក្លាយជារណាំងឃាំងខណ្ឌជនមួយចំនួនមិនឲ្យឈោងចាប់អាជីពនេះផងដែរ។ តែទោះជាយ៉ាងណាមានយុវជន យុវតីខ្មែរជំនាន់ថ្មីជាច្រើននៅតែបន្តចាប់អាជីពជាគ្រូបង្រៀន។
តើអ្វីទៅជាបុព្វហេតុជំរុញចិត្តយុវជន យុវតីខ្មែរជំនាន់ថ្មីនៅតែបន្តចាប់អាជីពជាគ្រូបង្រៀន ទោះបីពួកគេបានដឹងថាអាជីពនេះមិនអាចធ្វើឲ្យពួកគេមានបានដូចអាជីពដទៃក៏ដោយនោះ?
នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ គរុសិស្ស គរុនិស្សិតខ្មែរសរុបជិត ២ពាន់នាក់ បានទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីពួកគេបានជម្នះការលំបាក ឧបសគ្គ និងចំណាយពេលមិនតិចជាង ១៧ឆ្នាំនោះឡើយ។
ក្នុងពិធីនោះអ្នកបន្តវេនផ្តល់ចំណេះដឹងជំនាន់ថ្មីមានវ័យក្មេងៗ បានបង្ហាញទឹកមុខញញឹមញញែមរីករាយស្ទើរតែគ្រប់គ្នា ជាមួយការបញ្ចប់ការសិក្សា ផ្តើមនូវអាជីពថ្មីជាអ្នកផ្ទេរចំណេះដឹងទៅដល់មនុស្សជំនាន់ក្រោយរបស់ពួកគេ។
អ្នកគ្រូវ័យក្មេងញញឹមស្រស់ ចេង ភារី បានបញ្ចប់ការសិក្សាគរុកុសលនៅវិទ្យាស្ថានជាតិអប់រំ និងចេញបង្រៀននៅសាលាជំនាន់ថ្មីក្នុងរាជធានីភ្នំពេញតាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ។ ក្នុងថ្ងៃទទួលសញ្ញាបត្រអ្នកគ្រូ ដែលមានវ័យ២៤ឆ្នាំមកពីស្រុកគិរីវង់ ខេត្តតាកែវរូបនេះ បានបង្ហាញអារម្មណ៍រីករាយជាសមិទ្ធផលដែលបានកើតចេញពីការប្រឹងប្រែងផ្ទាល់ខ្លួនផង និងមានការជ្រោមជ្រែងយ៉ាងខ្លាំងពីក្រុមគ្រួសារ។
«[...សើចតិច] នាងខ្ញុំពិតជាមានក្តីរំភើបមែនទែន ព្រោះថា ទម្រាំមកដល់ថ្ងៃនេះមានការតស៊ូច្រើន។ សម្រាប់ជោគជ័យថ្ងៃនេះវាជាជោគជ័យរបស់ខ្ញុំផ្ទាល់ ក៏ជាជោគជ័យរបស់គ្រួសារខ្ញុំ ភូមិឃុំខ្ញុំ ហើយវាក៏ជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយ ក៏ដូចសិស្សរបស់ខ្ញុំ។ វាជាសំណាងល្អដែរ ដែលខ្ញុំក្លាយជាពលរដ្ឋមួយរូបធ្វើនូវប្រយោជន៍សម្រាប់ប្រទេសជាតិខ្ញុំ»។ នេះជាការរៀបរាប់របស់កញ្ញា ចេង ភារី។
បើតាមអ្នកគ្រូ ភារី កូនស្រីមកពីត្រកូលគ្រួសារកសិករទម្រាំបញ្ចប់ការសិក្សារយៈពេល ១៧ឆ្នាំ ក្លាយជាគ្រូបង្រៀន មានការលំបាក និងឧបសគ្គជាច្រើន ដែលអ្នកគ្រូបានឆ្លងកាត់។ ប៉ុន្តែការទូន្មាន និងជំរុញរបស់ឪពុក ក៏ដូចជាការមើលឃើញនូវគំរូរបស់ពូខ្លួនដែលជាអ្នកសិក្សារៀនសូត្រនោះ បានធ្វើឲ្យ ភារី ជម្នះផលលំបាកទាំងនោះ និងសម្រេចគោលដៅជីវិត។
និយាយជាមួយស្នាមញញឹមតិច អ្នកគ្រូសម្បុរស្រអែមរូបនេះ បានរៀបរាប់ថា «ពុករបស់ខ្ញុំគាត់ជាកសិករ។ អ៊ីចឹងពេលខ្ញុំទៅស្រែជាមួយគាត់ គាត់តែងប្រាប់ខ្ញុំថា កូនមើលណា ធ្វើស្រែវាពិបាកអ៊ីចឹង ហេតុអ្វីបានឪធ្វើស្រែ? ដោយសារឪអត់មានឱកាសរៀនទេ ឪអត់បានរៀនចប់។ អ្វីដែលគាត់បានផ្តល់ឱ្យខ្ញុំហ្នឹង ខ្ញុំបានមើលឃើញពីការលំបាករបស់គាត់។ ខ្ញុំបានមើលឃើញពីតម្លៃនៃការសិក្សា ខ្ញុំអាចរៀនបានព្រោះគាត់ផ្តល់ឱកាសឲ្យខ្ញុំរៀន ហើយខ្ញុំមិនចង់ឱ្យការលំបាកដូចជាឪពុកខ្ញុំទៀតទេ។ ខ្ញុំចង់ជួយឲ្យគ្រួសារខ្ញុំបានប្រសើរជាងមុន និងអាចធ្វើអ្វីជាប្រយោជន៍សម្រាប់សិស្សានុសិស្ស សង្គមជាតិរបស់ខ្ញុំ។ ហេតុផលហ្នឹងហើយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើការសិក្សា»។
ពេលសួរពួកគេថា តើមានធ្លាប់ឮទេថា «ធ្វើគ្រូជីវិតមិនប្រសើរ ធ្វើគ្រូមិនអាចក្លាយជាអ្នកមាន»? បើឮហេតុអ្វីនៅតែចង់ធ្វើជាគ្រូបង្រៀន?
កញ្ញា ភារី ក្នុងអំឡុងពេលសិក្សាក៏តែងបានឮផងដែរនូវការពោលពាក្យថា «ធ្វើគ្រូមិនអាចមានជីវិតប្រសើរ ឬមិនអាចក្លាយជាអ្នកមាន»។ តែពាក្យពេចន៍មួយឃ្លានេះ មិនបានក្លាយជាសម្ពាធធ្វើ ភារី បញ្ឈប់បំណងក្លាយជាគ្រូបង្រៀនរបស់កញ្ញានោះឡើយ។ ភារី បានមើលឃើញថា អាជីពគ្រូបង្រៀននេះ មិនអាចធ្វើជាអ្នកមាន ប៉ុន្តែអាជីពធ្វើឲ្យជីវិតរស់ដោយថ្លៃថ្នូរ និងបានរួមចំណែកជួយដល់សង្គមជាតិផងដែរ។
ភារី បានរៀបរាប់ជាមួយមោទនភាពជាអ្នកគ្រូម្នាក់ថា «ខ្ញុំធ្លាប់ឃើញពាក្យស្លោកមួយគេថា [បើសិនចង់ក្លាយជាអ្នកមានអ្នលទៅធ្វើជំនួញចុះ អ្នកកុំមកធ្វើជាគ្រូបង្រៀនអី]។ បើនិយាយពីភាពមានបានផ្នែកទ្រព្យសម្បត្តិ យើងធៀបទៅលើប្រាក់ខែជាក់ស្តែង ប្រាក់ខែប៉ុណ្ណឹងទូទាត់ជាមួយការចាយវាយទៅ វាសម្រាប់ការរស់នៅសមរម្យមួយ។ ក៏ប៉ុន្តែសួរថា អ្វីដែលយើងចង់ទទួលការរស់នៅសមរម្យ មានតម្លៃសម្រាប់សង្គមជាតិ ឬក៏ចង់ក្លាយជាអ្នកមានមួយ?។ សម្រាប់ខ្ញុំការរស់នៅសមរម្យជាការគ្រប់គ្រាន់ហើយសម្រាប់មនុស្សយើងម្នាក់ៗ មិនចាំបាច់ទាល់តែយើងមានវីឡាស្កឹមស្កៃ មានឡានទំនើបនោះទេ។ ក្នុងគោលដៅរបស់ខ្ញុំ ខ្ញុំចង់មានការរស់នៅមួយសមរម្យ ហើយក្នុងនាមជាមនុស្សម្នាក់យើងគួរតែរស់នៅជាប្រយោជន៍សម្រាប់អ្នកដទៃផងដែរ។ អ៊ីចឹងអាជីពជាគ្រូបង្រៀននេះធ្វើឲ្យយើងរស់នៅសមរម្យបាន វាមិនមានពេក ហើយក៏មិនក្រពេកទេ ហើយខ្ញុំអាចប្រើអាជីពរបស់ខ្ញុំជាប្រយោជន៍របស់សង្គមជាតិរបស់ខ្ញុំ»។
មិនត្រឹមតែពេញចិត្តជាមួយអាជីពជាគ្រូបង្រៀននោះទេ អ្នកគ្រូ ភារី ក៏បានប្តេជ្ញាផ្ទេរចំណេះជំនាញរបស់ខ្លួនទៅដល់កូនខ្មែរជំនាន់ក្រោយឱ្យទទួលបាននូវចំណេះដឹងផ្នែកគណិតវិទ្យាដែលជាជំនាញរបស់អ្នកគ្រូឱ្យបានល្អប្រសើរ ហើយក៏នឹងទូន្មានអប់រំក្មេងៗជំនាន់ក្រោយឱ្យមានសីលធម៌ថ្លៃថ្នូរនៅក្នុងសង្គម និងក្លាយជាកោសិកាមួយជួយដល់ការអភិវឌ្ឍប្រទេសជាតិ៕