(ភ្នំពេញ)៖ នៅក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអង្គការសហប្រជាជាតិ ទទួលបន្ទុកផែ្នកអភិវឌ្ឍឧស្សាហកម្ម (UNIDO) លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួយជំរុញការប្រើប្រាស់ផលិតផល ក្នុងស្រុកឧស្សាហកម្មទេសចរណ៍។
ការស្នើបែបនេះ របស់លោក ថោង ខុន បានធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ការបើកសិក្ខាសាលាស្ដីពី «ខ្សែសង្វាក់តម្លៃផលិតកម្ម និងការបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកក្នុងវិស័យទេសចរណ៍» នៅសណ្ឋាគារ ហ្គ្រីនភែលេស ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ផលិតករក្នុងស្រុក ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ។
នៅក្នុងឱកាសនេះដែរលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សិក្ខាសាលាដែលបានរៀបចំឡើងនាព្រឹកនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចាត់ទុក «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» ដោយវិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកធ្វើឱ្យមានកំណើនឡើង នូវការផ្គត់ផ្គង់ផលិតផល ក្នុងស្រុក ដូចជា៖ ត្រី សាច់ បន្លែ ផ្លែឈើ សង្ហារឹម ផលិតផលសិប្បកម្ម និងផលិតផលក្នុងស្រុកផ្សេងៗទៀត ដែលផលិតដោយកសិករ សិប្បករ និងផលិតករខ្មែរយើង។
ខណៈដែលវិស័យទេសចរណ៍កម្ពុជាបាននាំមកនូវចំណូលក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៤ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨កន្លងមកនេះ យើងក៏ត្រូវគិតគូរពីការធ្លុះធ្លាយសេដ្ឋកិច្ច (Economic Leakages) ក្នុងវិស័យទេសចរណ៍ ដោយចំណូលទេសចរណ៍ប្រមាណ ២៥% ត្រូវបានធ្លាយចេញទៅវិញ ដែលភាគច្រើនកើតឡើងដោយសារការនាំចូលផលិតផលពីបរទេស ដូចជា បន្លែ ផ្លែឈើ សាច់ ស្រា គ្រឿងសង្ហារឹម វត្ថុសិប្បកម្មផ្សេងៗ -ល- ដើម្បីទ្រទ្រង់ កំណើនគំហុកនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងន័យនេះ លោក ថោង ខុន បានដាក់ទិសដៅដោយត្រូវព្យាយាមកាត់បន្ថយអត្រានៃការធ្លុះធ្លាយឲ្យបាន យ៉ាងតិច ១០% បន្ថែមទៀត (ឲ្យមកនៅត្រឹម ១៥% ដែលជាកម្រិតទូទៅរបស់បណ្តាប្រទេសគោលដៅទេសចរណ៍នានា )។លោករដ្ឋមន្ត្រីបានបង្ហាញថា បើយើង អាចកាត់បន្ថយការធ្លុះធ្លាយបានប្រមាណ១០% បន្ថែមទៀត គឺយើងអាចចំណេញបាន ប្រមាណ ៤០០ លានដុល្លារ ពីការនាំចូល របស់ទាំងនេះ សំរាប់តែ បំរើ ឧស្សាហកម្ម ទេសចរណ៍។ក្នុងបិការនេះ លោករដ្ឋមន្ត្រីបានសើ្នឱ្យមានការជំរុញរៀបចំខ្សែក្រវ៉ាត់បៃតង នៅជុំវិញតំបន់គោលដៅទេសចរណ៍សំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាំដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការជំរុញសកម្មភាពសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដើម្បីធានាដល់ការផ្គត់ផ្គង់ផលិតផល ក្នុងស្រុកសម្រាប់ឧស្សាហកម្មទេសចរណ៍ ពិសេសនៅតាមរមណីយដ្ឋាន សណ្ឋាគារ និងភោជនីយដ្ឋាននានា។
ជាមួយគ្នានេះ ផ្នែកឯកជននៅក្នុងវិស័យទេសចរណ៍ត្រូវបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានជាអតិបរមា ខណៈដែលផលិតករ ក្នុងស្រុកបាននឹងកំពុងបន្តពង្រឹង ផលិតកម្ម ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ប្រកបដោយតម្លៃប្រកួតប្រជែង។ ការរៀបចំ «អន្តរការី» ក៏មានសារៈសំខាន់ក្នុងការដើរតួជាអ្នកផ្គូរផ្គង ភ្ជាប់ទំនាក់ទនងរវាងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដោយធ្វើជាអ្នកធានាសម្រាប់ភាគីទាំងពីរ។
ក្នុងន័យនេះ ការជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុកក្នុងឧស្សាហកម្មទេសចរណ៍ ឆ្លើយតបនឹងកំណើនតម្រូវការ តាមរយៈកំណើននៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងកំណើននៃការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងស្រុក គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្ត ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍។
គួរបញ្ជាក់ផងដែរថា នៅក្នុងអង្គសិក្ខាសាលានេះ មានការចូលរួមចែករំលែកបទពិសោធន៍ យុទ្ធសាស្រ្ត និងគំរូអនុវត្តល្អៗរបស់បណ្តាប្រទេសនានា ក្នុងការតភ្ជាប់ខ្សែសង្វាក់តម្លៃផលិតកម្មក្នុងស្រុក (កសិកម្ម និងសិប្បកម្ម) ជាមួយការប្រើប្រាស់នៅក្នុងឧស្សាហកម្មទេសចរណ៍ រួមជាមួយនឹងការវាយតម្លៃនៅក្នុងបរិបទកម្ពុជា តាមរយៈការបង្ហាញពីលទ្ធផលនៃបេសកកម្មសិក្សាក្នុងខេត្តសៀមរាប ដោយក្រុមអ្នកជំនាញការអន្តរជាតិនៃអង្គការ UNIDO ក៏ដូចជាការបង្ហាញពីគោលនយោបាយ យុទ្ធសាស្រ្ត សកម្មភាពគាំទ្រ បញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងការជម្រុញខ្សែសង្វាក់តម្លៃនៃផលិតកម្មក្នុងស្រុក ដោយវាគ្មិនដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និងផ្នែកឯកជន៕