(កណ្តាល)៖ ដេីម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសហការីចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី ៣ ចាប់តាំងពីឆ្នាំ២០១៧ កន្លងមក ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលមានកុមារ កំព្រា ៣០នាក់ និងបុគ្គលិក ៦នាក់ មានអាសយដ្ឋានស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសសំណេះសំណាលជាមួយក្មួយៗ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះ ក្មួយៗកុមារទាំងអស់ និងថ្លែងនូវការកោតសរសេីរចំពោះសមាគម ដែលបានប្រឹងប្រែង អភិវឌ្ឍខ្លួនឱ្យរីកចម្រេីនកាន់តែប្រសើរឡើង ជាពិសេស ផ្តល់ការថែទាំ អាហារ ការស្នាក់នៅ និងបញ្ជូនកុមារទៅសាលារៀន យ៉ាងទៀងទាត់ ព្រមទាំងចូលរួមក្នុងកិច្ចការសង្គមផ្សេងៗទៀតផង។
ទន្ទឹមនឹងនេះ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ក្មួយៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ហេីយត្រូវខិតខំសិក្សារៀនសូត្រ ឱ្យពូកែ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងធនធានមនុស្ស របស់សង្គមជាតិទៅថ្ងៃអនាគត។
ជាមួយគ្នានេះ កុមារ និងបុគ្គលិកទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្តល់ក្តីអាណិតស្រឡាញ់ភាពកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម ដល់កុមារកំព្រា និង ប្រជាពលរដ្ឋ ដែលជួបការលំបាកនៅគ្រប់កាលៈទេសៈ។
អំណោយដែលបានផ្តល់ជូនសមាគមរួមមាន ៖ អង្ករ ២តោន មី ៣០កេស ត្រីខ ៥០០កំប៉ុង ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស និងថវិកា ១០លានរៀល ។ ដោយឡែក សម្រាប់កុមារទាំង ៣០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ឃីត១ មាន (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា ៥ម៉ឺន រៀល ។ រីឯ បុគ្គលិកចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ឃីត១ មាន (មុង ភួយ សារុង ក្រមា អាវយឺត) និងថវិកា ១០ម៉ឺនរៀល ៕