(ក្រចេះ)៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ មេបញ្ជាការងកងទ័ពជើងអាកាស និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្យប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ កកណ្ដាល ចុះជួយខេត្តក្រចេះ និងស្រុកព្រែកប្រសព្វ និងលោក ហឿ ស៊ីយែម អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យខួបលើកទី៣៦ ឆ្លងព្រះអដ្ឋិចេតិយ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តគីរីវបស្សនារាម ហៅវត្តទួលទ្រុង។
ពិធីដែលមានពុទ្ធបរិស័ទចំណុះជើងវត្តជាង៥០០នាក់ចូលរួម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេនទីអាអាម វត្តគីរីវបស្សនារាម (ហៅវត្តទួលទ្រុង) ស្ថិតនៅភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានលើកឡើងថា ដោយមានការផ្ដួចផ្ដើមពីព្រះតេជគុណអតីតព្រះចៅអធិការវត្ត គណៈកម្មការព្រមទាំងពុទ្ធបរិស័ទពិសេស លោកឧត្ដមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ចាប់តាំងពី២០០៥ រហូតដល់ឆ្នាំ២០១៩ ទីអារាមខាងលើនេះ បានសំរេចការកសាងបានដូចជា៖ ចេតិយចំណាយទឺកប្រាកអស់៧០,០០០ដុល្លារ ក្លោងទ្វារចំណាយទឹកប្រាក់អស់៧,៨០០ដុល្លា, កុដិ១៨,៥០០ដុល្លារ ឧបដ្ឋានសាលា៥៨,០០០ដុល្លារ, ព្រះបដិមារក ៥,០០០ដុល្លារ ម៉ាស៊ីនបូមទឹក៧៧០ដុល្លារ សរុបទឹកទាំងអស់១៦០,០៩០ដុល្លារ ហើយទឹកប្រាក់ទាំងនេះ ជាថវិការរបស់លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ និងសប្បុរសជន ព្រមទាំងពុទ្ធបរិសត័ចំណុះជើងវត្ត។
លោកឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ បានលើកឡើងថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានការីកចំរើនទាំងពុទ្ធចក្រ និងអាណាចក្រ ហើយអ្វីៗដែល យើងទាំងអស់កំពុងតែទទួលបាននៅពេលនេះ ជាពិសេស សមិទ្ធផលក្នុងទីអារាមដែលយើងកំពុងធ្វើពិធីសម្ភោធ គឺកើតចេញពីកត្តាសន្តិភាព ស្ថេរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានគោលនយោបាយជាតិ នយោបាយអន្តរជាតិត្រឹមត្រូវ ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។
លោកឧត្តមសេនីយ៍ឯក ក៏បានសម្ដែងកោតសរសើរចំពោះ គណៈកម្មការសាងសង់ ដែលបានខិតខំប្រមូលគៀងគរ ខិតខំប្រឹងប្រែងស្វែងជំនួយ និងថវិកា ដើម្បីសាងសង់សមិទ្ធផល ក្នុងទីអារាមនេះ ឲ្យបានរួចរាល់ជាស្ថាពរ។ ហើយលោកបានស្នើ ដល់ព្រះចៅអធិការ គណកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យជួយថែរក្សាទីអារាមខាងលើនេះ ឲ្យមានភាពស្រស់បំព្រងហាមកាប់ដើមឈើ ក្នុងបរិវេនទីអារាម និងនាំគ្នាបន្ដដាំដើមឈើ ឲ្យបានច្រើនថែមទៀត។
ក្នុងឱកាសនេះដែល លោកឧត្តមសេនីយ៍ឯក និងលោកស្រី ឈុន ផាន្ណា ក៏បានពាំនាំនូវ ថវិការផ្ទាល់ខ្លួនប្រគល់ជូនគណកម្មការ ដើម្បីសាងសង់សមិទ្ធផលនានា ក្នុងទីអារាមបន្ត ក្នុងនោះវត្តទួលទ្រុង ២,៦០០,០០០រៀល (ក្នុងនោះ ថវិកាលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចំនួន៥០០,០០០រៀល សាលាស្រុកព្រែកប្រសព្វ ចំនួន១,០០០,០០០រៀល) វត្តដីដុះចំនួន៥០០,០០០រៀល វត្តបឹងលាច៥០០,០០០រៀល សាលាស្រុកព្រែកប្រសព្វ៥០០,០០០រៀល ប្រជាការពារភូមិចំនួន៥០០,០០០រៀល ព្រមទាំងបានចែកជូន តាជីយាយជីព្រមទាំងពុទ្ធបរិស័តចំនួន៥០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ក្រណាត់សរ១ដុំ និងថវិកា១០,០០០រៀល និងចំណាយផ្សេងៗទៀត សរុបទឹកប្រាក់ទាំងអស់ ចំនួន២៩,៣២០ដុល្លារអាមេរិក៕