(មណ្ឌលគិរី)៖ សិស្សានុសិស្សសាលាបឋមសិក្សា ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី យាន ឌីណា ភរិយា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្ត និងក្រុមការងារបាននាំយកសម្ភារសិក្សា កាតាប សម្រាប់ដាក់សៀវភៅរៀន ផ្តល់ជូនដល់ក្មួយៗ ជាសិស្សានុស្សចំនួន២៨២នាក់ និងថវិកាផងដែរ។
សម្ភារដែលចែកដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សនាពេលនោះ គឺចាប់ពីសិស្សមត្តេយ្យសិក្សា រហូតដល់សិស្សរៀនត្រឹមថ្នាក់ទី៦ សរុបចំនួន២៨២នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាបស្ពាយ១ និងថវិកា៥ពាន់រៀល។ ដោយឡែកអ្នកគ្រូចំនួន០៨នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល។
នាឱកាសនោះលោកស្រី យាន ឌីណា បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែរៀនសូត្រ ដើម្បីធ្វើយ៉ាងណា ក្លាយជាកូនល្អ សិស្សល្អ ជាពិសេស ត្រូវចៀសវាងអំពើឧបាយមុខផ្សេងៗ។
លោកស្រីនាយិកា ឡៃ ច័ន្ធឡាលីន ប្រចាំសាលាបឋមសិក្សាស្រែ អំពូម ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅសាលានេះតំណាងឲ្យក្មេងសិស្សានុសិស្សនៅទីនេះ បានសម្តែងនូវអំណរអរគុណ ដល់លោកស្រី និងក្រុមការងារដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧមត្ថម្ភ សម្ភារ និងថវិកាដល់សាលាដាច់ស្រយ៉ាលមួយនេះក៏ដូចជាសាលា នានាទូទាំងខេត្តបើទោះបីសម្ភារ ឬថវិការមិនទាន់បានឆ្លើយតបតាមតម្រូវការ យ៉ាងណាក្តី តែវាជួយសំរាលដល់ការខ្វះខាតបានមួយផ្នែក។
លោកស្រី យាន ឌីណា ប្រធានសាខាសហគមកាយឬទ្ធិកម្ពុជាខេត្តមណ្ឌលគិរី និងក្រុមការងារ បានបញ្ជាក់ថា លោកស្រី និងក្រុមការងារសន្យាថា និងបន្តបេសកកម្មរបស់ផងខ្លួននេះ ដល់សាលានានាបន្តទៀតទៅតាមអ្វីដែលអាចធ្វើបាន ដោយមិនបានរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕