(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត នៅតែបន្តយកចិត្តទុកដាក់ផ្តល់សេវាកម្ម ដល់អតិថិជនរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងបានការពារអតិថិជនពីហានិភ័យ និងគ្រោះថ្នាក់នានា លើផ្នែកឥណទានស្របតាមគោលការណ៍អន្តរជាតិ ស្តីពីការការពារអតិថិជនហៅកាត់ថា CPP (Client Protection Principles) ក្រោយពីរឆ្នាំបន្ទាប់ពីទទួលបានវិញ្ញាបនបត្រ ស្តីពីការការពារអតិថិជនពី Smart Campaign នៅឆ្នាំ២០១៦ ។
សូមជម្រាបថា សេចក្តីប្រកាសអំពីការបន្តវិញ្ញាបនបត្រស្តីពី គោលការណ៍ការពារអតិថិជនជូនដល់អម្រឹត ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីការត្រួតពិនិត្យឡើងវិញ លើការអនុវត្តន៍របស់ អម្រឹត ទាក់ទងនឹងការការពារអតិថិជនពីសំណាក់ក្រុមហ៊ុន M-CRIL ដែលជាសវនករមួយនៃ Smart Campaign។ https://www.smartcampaign.org/certification/certified-organizations#Amret
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានបញ្ជាក់ថា «អម្រឹតមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយដែល Smart Campaign បានបញ្ជាក់សាជាថ្មីថា អម្រឹត នៅតែបន្តយកចិត្តទុកដាក់គោរពគោលការណ៍ ការពារអតិថិជនបានយ៉ាងល្អដដែល និងបានសម្រេចបន្តសុពលភាពនៃវិញ្ញាបនបត្រ CPP សម្រាប់រយៈពេល២ឆ្នាំទៅខាងមុខទៀតគឺដល់ឆ្នាំ២០២០ ។ គណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់មានមោទនភាពដែល អម្រឹតអាចក្លាយជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុមួយ ក្នុងចំនោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែជាង១០០ប៉ុណ្ណោះ លើពិភពលោកដែលទទួលបានវិញ្ញាបនបត្រនេះ»។
លោកបន្ថែមថា «វិញ្ញាបនបត្រការពារអតិថិជន គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់ អម្រឹតដើម្បីចូលរួមចំណែកធ្វើឲ្យវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ទាំងមូលកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ ដើម្បីសម្រចបានគោលដៅនេះ អម្រឹតប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិ នៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមជាមួយនឹងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិមួយចំនួន»។
Smart Campaign ជំរុញ និងលើកទឹកចិត្តឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាក់គោលការណ៍ការពារអតិថិជនជាគោលការណ៍អាទិភាពមួយ ក្នុងប្រតិបត្តិការរបស់ខ្លួន ដោយត្រូវអនុលោមទៅតាមគោលការណ៍សំខាន់ចំនួន ៧ ឲ្យបានខ្ជាប់ខ្ជួន ក្នុងនោះរួមមានគោលការណ៍៖
១៖ ការបង្កើតនិងបែងចែកផលិតផលឲ្យបានត្រឹមត្រូវនិងសមរម្យ
២៖ ការទប់ស្កាត់បំណុលវណ្ឌក
៣៖ តម្លាភាព
៤៖ ការកំណត់តម្លៃផលិតផលឲ្យបានសមរម្យ
៥៖ ការគោរពអតិថិជននិងការពារដោយយុត្តិធម៌
៦៖ ការការពារព័ត៌មានរបស់អតិថិជន
៧៖ យន្តការសម្រាប់ការដោះស្រាយបណ្តឹង។
គួរបញ្ជាក់ថា Smart Campaign មានបេសកកម្មការងារនៅទូទាំងពិភពលោក ដើម្បីជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុ បង្កើតបរិយាកាសល្អមួយបម្រើអតិថិជន ជាពិសេសអតិថិជនដែលមានប្រាក់ ចំណូលទាប ឲ្យអាចទទួលបានសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាពនិងការទទួលខុសត្រូវខ្ពស់។
ការបន្តវិញ្ញាបនបត្រស្តីពីការការពារអតិថិជនពី Smart Campaign ក៏ជាសក្ខីភាពមួយបង្ហាញដល់សាធារណៈជនថា អម្រឹត បាននឹងកំពុងបំពេញបេសកកម្មការងាររបស់ខ្លួន ប្រកបដោយស្មារតី ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសអតិថិជនដែលមានចំណូលទាបនិងមធ្យម ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងអាជីវកម្មរបស់ពួកគេឲ្យបានល្អប្រសើរឡើង។ អម្រឹតមានគណនេយ្យខ្ពស់ដោយគោរពតាមគោលនយោបាយ និងគោលការណ៍ស្របតាមស្តង់ដាអន្តរជាតិ៕