Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ៧គ្រួសារ នៅស្រុកស្ទឹងត្រង់

28-03-2019 15:14

(កំពង់ចាម)៖ ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋ និងស្របតាមគោលការណ៍មនុស្សធម៌កាកបាទក្រហមផង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយលោក ប៉ុង យេន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ចំនួន ៧គ្រួសារ នៅស្រុកស្ទឹងត្រង់។

ជាមួយនឹងការលើកឡើងនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ហ៊ុន ណេង បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ពីព្រោះថា ពេលនេះកម្លាំងញើសឈាមរបស់បងប្អូន ដែលខិតខំប្រឹងប្រែង អស់ពាក់កណ្ដាលជីវិតមក ត្រូវបានបំផ្លាញដោយសារតែឥទ្ធិពលអគ្គីភ័យក្នុងរយៈពេលតែមួយពព្រិចប៉ុណ្ណោះ។

ជាមួយគ្នានោះលោក ហ៊ុន ណេង ក៏បានលើកទឹកចិត្តដល់ពលរដ្ឋរងគ្រោះទាំងអស់ សូមកុំអស់សង្ឃឹមឲ្យសោះ ព្រោះយើងនៅមានជីវិតនៅឡើយ អញ្ចឹងទេ យើងត្រូវពង្រឹងកម្លាំងចិត្ត ដើម្បីស្ដារជីវភាពសេដ្ឋកិច្ចគ្រួសារសាជាថ្មីឡើងវិញ។ ខណៈនេះដើម្បីដោះទ័ល ក្រុមការងារបាននាំនូវអំណោយសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគ បរិភោគ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បី ចែកជូនបងប្អូនទាំង ៧គ្រួសារ ដែលក្នុងនោះ១គ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម តង់កៅស៊ូ១ មុង១ ឃីត១កញ្ចប់ និងថវិកា ១លានរៀល ដើម្បីជួយសម្រាលបន្ទុក ដល់បងប្អូនបានមួយគ្រា ក្នុងការដោះស្រាយជីវភាព ខណៈពេលដែលកំពុងជួបអាសន្នអន់ក្រនោះ។

គួររំលឹកដែរថា កាលពីវេលាម៉ោង ៥៖២០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន ៧គ្រួសារ នៅចំណុចភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្ដាលឲ្យឆេះផ្ទះ ខូចខាតអស់ទាំងស្រុង ចំនួន ៧ខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិជាច្រើនទៀត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គិសភ័យនេះគឺបណ្តាល មកពីផ្ទុះកំប៉ុហ្គាស់ពេលកំពុងដាំបាយ។

ខណ:ពេលនោះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ប្រមាណជា ២០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនឲ្យឆាបឆេះ ទៅលំនៅដ្ឋានផ្សេងៗទៀត៕