(បាត់ដំបង)៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ងួន រតន: អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានបើកយុទ្ធនាការពាក់មួកសុវត្តិភាព ដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅខេត្តបាត់ដំបង។
នៅក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះដែរ ធ្វើឡើងនៅចំណុចទីលានមុខសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងនោះក៏មានបំពាក់មួកសុវត្ថិភាព ជូនដល់យុវជនមួយចំនួន រួចដង្ហែរក្បួនយុទ្ធនាការជុំវិញក្រុងផងដែរ។
លោក ងួន រតន: បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីមន្ទីរជំនាញ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ហើយមានកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបានល្អ។ លោកបានផ្តាំផ្ញើដល់ប្អូនៗយុវជន និងប្រជាពលរដ្ឋក្នុងខេត្តទាំង ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានជាប្រចាំដើម្បីបញ្ជៀស និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់គ្នា ចំពោះអ្នកជិះម៉ូតូ និងបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ មិនត្រូវផឹកគ្រឿងស្រវឹងនៅពេលបើកបរឡើយ។
លោកស្រី មឹន មាណវី បានថ្លែងកោតសរសើរខ្ពស់ ដល់មន្រ្តីមន្ទីរជំនាញទាំងអស់ ដែលតែងតែធ្វើការងារបានល្អកន្លងមក និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តផងដែរ។ លោកស្រីបញ្ជាក់ថា ប្រទេសកម្ពុជាយើងពីមុន ប្រជាពលរដ្ឋបានស្លាប់ដោយសារគ្រាប់មីន និងជម្ងឺផ្សេងៗ តែបច្ចុប្បន្នមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរារណ៍បានឈាមុខគេ គឺស្លាប់ជារៀងរាល់ថ្ងៃ ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុត ដោយឲ្យក្រសួងសាធារណ:ការ និងដឹកជញ្ជូន ជាក្រសួងជំនាញ ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដោយបើកទូលាយជាប្រចាំ និងតាមរយ:ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅមានការប្រុងប្រយ័ត្ន ការពារអាយុជីវិតខ្លួនឯង ក៏ដូចជាការពារអាយុជីវិតអ្នកដ៏ទៃផងដែរ។
លោកស្រីរដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យយុវជនទាំងអស់ នាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ហើយការគោរពច្បាប់ចរាចរណ៍ គឺស្មើរនឹងគោរពការពារអាយុជីវិតខ្លួនឯងផងដែរ។ បន្ទាប់មកគណ:អធិបតី បានធ្វើការចែកមួកសុវត្ថិភាព ជូនយុវជនចូលរួមមួយចំនួនរួចហើយ បាននាំគ្នាជិះម៉ូតូដង្ហែរក្បួន បើកយុទ្ធនាការពាក់មួកសុវត្តិភាព ដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោក ជុំវិញក្រុងទាំងអស់គ្នាផងដែរ៕