(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សារណយោគយល់គ្នា (MOU) ជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពី ការផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ុ សន្និសីទ ទេសាភិបាលរង និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងលោក ង៉ែត សុវណ្ណរិទ្ធ អគ្គលេខាធិការង នៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៅធនាគារជាតិ កម្ពុជា រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា បច្ចុប្បន្នស្ថាប័នទាំងពីរ បាននិងកំពុងពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការល្អ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងប្រទេស ក៏ដូចជាការចូលរួមសហការទប់ស្កាត់ បង្ក្រាបសកម្មភាពនៃឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ដើម្បីថែរក្សាសន្តិសុខ និងការអភិវឌ្ឍន៍សម្រាប់ទាំងកម្ពុជា និងសកលលោក។
នាយឧត្តមសេនីយ៍ បានបន្តថា ការចុះអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរនេះ មានគោលបំណងសំខាន់ ដើម្បីប្រឆាំងរាល់ការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅក្នុងប្រទេសកម្ពុជា និងជាយន្តការរួមគ្នាមួយក្នុងការពង្រឹង នូវកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ បង្រ្កាបបទល្មើសឧក្រិដ្ឋទាំងឡាយ ដែលជាការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ តំបន់ និងសកលលោក។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ស្របពេលដែលប្រទេសកំពុងមានសុខសន្តិភាព ផ្តល់នូវកលានុវត្តភាពក្នុងការអភិវឌ្ឍន៍ជាតិ ឈានឡើង តាមរយៈការធ្វើសកលភាវូបនីយកម្មលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលទៅក្នុងតំបន់ និងពិភពលោក ហើយសកម្មភាពទាំងអស់នេះ គឺជាមូលហេតុនាំឱ្យប្រឈមនូវការលំបាកស្មុគស្មាញជាច្រើន ដែលក្នុងនោះរួមមានទាំងការគំរាមកំហែង ដោយអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាលួចលាក់ផលិត ឬជួញដូរគ្រឿងញៀនខុសច្បាប់។ ក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលមានអង្គការចាត់តាំងច្បាស់លាស់ មានមហិច្ចតាចិញ្ចឹម ចិត្តឃុបឃិតជាមួយនឹងពួកឧក្រិដ្ឋជន ក្នុងស្រុកធ្វើសកម្មភាព ល្មើសច្បាប់ជាច្រើនរូបភាព ដើម្បីរកផលចំណេញ ឱ្យក្រុមបក្សពួករបស់ខ្លួន។ ដូច្នេះតម្រូវឱ្យយើងទាំងអស់គ្នាត្រូវកែលម្អរ និងរៀបចំជាយន្តការសំខាន់ៗ សម្រាប់ប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទាំងពេលបច្ចុប្បន្ន និងតទៅអនាគត។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ ទាមទារឱ្យមន្ត្រីអនុវត្តច្បាប់គ្រប់រូប ស្ថាប័ន-អង្គភាពអនុវត្តច្បាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ក្នុងការលើកម្ពស់សមត្ថភាព ចំណេះដឹងរបស់ខ្លួន សម្រាប់បម្រើឱ្យការចូលរួមចំណែក ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសខុសច្បាប់ទាំងឡាយ ដែលនឹងអាចកើតមាននៅលើទឹកដីកម្ពុជា។ យ៉ាងណាមិញការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីអំពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រវាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា នាពេលនេះ ក៏ជាចំណែកមួយនៃការលើកកម្ពស់ការកសាងយន្តការការងាររួមគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធភាព៕