(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានដាក់បណ្តឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួចហើយ នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយស្នើឱ្យស៊ើបអង្កេតលើ លោក ផែង វណ្ណៈ អ្នកលេង Facebook ដ៏សកម្មម្នាក់ ករណីយកលុយគ្រួសារជនបង្ក៥ពាន់ដុល្លារ ទៅឱ្យគ្រួសារជនរងគ្រោះ ប្រាប់ថាចូលបុណ្យ។
តាមពាក្យបណ្តឹងរបស់ លោក ពេជ្រ ស្រស់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ គឺលោកពេជ្រ ស្រស់ បានរៀបរាប់ជូន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងថា បើតាមពិនិត្យផ្លូវច្បាប់បុគ្គល ផែង វណ្ណៈ មិនមែនជាមេធាវី ឬក្រមបម្រើសេវាកម្មផ្លូវច្បាប់ ដែលអាចធ្វើជាតំណាងឲ្យ ជនណាម្នាក់នោះទេ ប៉ុន្តែមានរឿងគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង នៅវេលាម៉ោង១២:០០នាទី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែឃើញបុគ្គល ផែង វណ្ណៈ នេះប្រកាសខ្លួនថា ជាអ្នកតំណាងឲ្យក្រុមជនបង្កគ្រោះថ្នាក់ចរាចរណ៍លើសពនិស្សិត ឌុំ រីដា ស្របពេលសមត្ថកិច្ចមិនទាន់ចាប់បានជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។
លោក ពេជ្រ ស្រស់ បានបន្តទៀតថា អ្វីដែលគួរឲ្យសង្ស័យបំផុតនោះ គឺថាមានកើតក្តីព្រួយបារម្ភខ្លាចមានការឃុបឃិតប្រព្រឹត្តនូវអំពើពុករលួយជាប្រព័ន្ធ ដើម្បីសម្របសម្រួលបន្ធូរបន្ថយបទការចោទប្រកាន់ណាមួយ តាមរយៈការយកលុយទៅលួងលោម ឬបញ្ចុះបញ្ចូលក្រុមគ្រួសារជនរងគ្រោះតាមរយៈបុគ្គល ផែង វណ្ណៈ ដែលអាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីច្បាប់ ម៉្យាងវិញទៀតជាហេតុធ្វើឲ្យរីកដុះដាល នៃអំពើពុករលួយជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ ធ្វើឲ្យពលរដ្ឋរងគ្រោះ ក្រីក្រគ្មានយុត្តិធម៌ ក្នុងន័យនេះដែរ ដើម្បីទប់ស្កាត់នូវអំពើ ពុករលួយជាប្រព័ន្ធ និងលុបបំបាត់អំពើពុករលួយលើករណីគ្រោះថ្នាក់ចរាចរណ៍លើសពកញ្ញា ឌុំ រីដា ដែលមានការសង្ស័យមកលើក្រុមជនបង្កប្រព្រឹត្តអំពើពុករលួយ ដើម្បីសម្របសម្រួលបន្ធូរបន្ថយការ ចោទប្រកាន់ណាមួយដល់ជនបង្ក ហើយសកម្មភាពនេះសង្ស័យ ធ្វើឡើងតាមរយៈបុគ្គល ផែង វណ្ណៈ ដែលបុគ្គលរូបនេះគឺគ្មានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់អាចធ្វើជាតំណាងដោយអាណត្តិទាល់តែសោះ ពោលគឺបុគ្គលរូបនេះមិនមែនមេធាវី ឬក្រមបម្រើសេវាកម្មផ្លូវច្បាប់នោះទេ ដូច្នេះដើម្បីទប់ស្កាត់អំពើ ពុករលួយជាប្រព័ន្ធក្រោមរូបភាពចូលបុណ្យសពគឺមានតែការកោះហៅបុគ្គល ផែង វណ្ណៈ ទៅស៊ើបអង្កេត ស្វែងរកការពិតជុំវិញការធ្វើតំណាងឲ្យជនបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវឃោរឃៅលើនិស្សិតកញ្ញា ឌុំ រីដា ដោយខុសច្បាប់ ម៉្យាងវិញទៀត ដើម្បីបញ្ចប់វប្បធម៌អន្តរាគមន៍ខុសច្បាប់ឬចេញមុខទទួលខុសត្រូវដោយខុសច្បាប់ ជាពិសេស គឺលុបបំបាត់វប្បធម៌បុកស្លាប់យកលុយទៅលួងចិត្តក្រម
គ្រួសារជនរងគ្រោះ ដើម្បីសម្របសម្រួលណាមួយ ក្នុងគោលបំណងបន្ធរបន្ថយការចោទប្រកាន់។
សូមបញ្ជាក់ថា លោក យិន ហ្គិច ជនដែលចេញមុខទទួលខុសត្រូវលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកសម្លាប់និស្សិត «ផារ៉ាហ្គន» នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកតាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យសពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សាធារណជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានរិះគន់យ៉ាងចាស់ដៃលើ លោក ផែង វណ្ណៈ ដោយអ្នកខ្លះលើកឡើងថា លោកធ្លាប់ចេញមុខការពារជនរងគ្រោះ បែរជាពេលនេះលោកចេញមុខជួយធ្វើជាអ្នកតំណាងម្ចាស់រថយន្តបង្កហេតុយ៉ាងចម្លែកទៅវិញ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ កាលពីម្សិលមិញ លោក ផែង វណ្ណៈ បានចេញវីដេអូបកស្រាយថា លុយ៥ពាន់ដុល្លារនោះ គឺជាលុយចូលបុណ្យរបស់គ្រួសារជនបង្កប៉ុណ្ណោះ តែមិនមែនជាការសូកប៉ាន់នោះទេ។
គួររម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅនិស្សិតឆ្នើមម្នាក់ នៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយនាង មានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ដែលបានលាក់ខ្លួន រយៈពេល២ថ្ងៃមកហើយ ដោយឱ្យឪពុកចេញដោះស្រាយជំនួស៕