(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជំរុញឲ្យមន្ដ្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ បំពេញការងាររបស់ខ្លួនទៅតាមតួនាទីដូចអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន ឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅក្នុងប្រទេសកម្ពុជា។
សារអំពាវនាវរបស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បូកសរុបលទ្ធផលការងារនគរបាលទេសចរណ៍ ឆ្នាំ២០១៨ និងលើកទិសដៅបន្ដឆ្នាំ២០១៩ របស់នាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានណែនាំដល់ថ្នាក់ដឹកនាំ នៃនាយកដ្ឋាននគរបាលទេសចរណ៍ ត្រូវណែនាំបន្ដដល់មន្ដ្រីទាំងអស់ គោរពវិន័យកងកម្លាំង ឲ្យបានល្អនៅពេលបំពេញការងាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនភ្ញៀវទេសចរនៅគ្រប់គោលដៅដែលខ្លួនមានភារកិច្ចការពារ។ លើសពីនេះ ត្រូវស្លៀកពាក់ឲ្យសមរម្យ និងទៅតាមឯកសណ្ឋាននគរបាលជាតិដែលបានកំណត់ ដើម្បីលើកកម្ពស់គុណតម្លៃនគរបាលជាតិ។
អគ្គស្នងការរងនគរបាលជាតិ ក៏បានសម្ដែងនូវការកោតសរសើរ ដល់មន្ដ្រីនគរបាលទេសចរណ៍ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន ឲ្យសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាឆ្នាំ២០១៨កន្លងទៅ ប៉ុន្ដែទន្ទឹងនឹងលទ្ធផលល្អហើយនោះ មន្ដ្រីទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញការងារបន្ថែមទៀត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក៏បានជំរុញដល់ការិយាល័យ-អង្គភាពនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន បង្កើនកិច្ចប្រតិបត្តិការល្បាត និងទប់ស្កាត់ (ល្បិច) ជនខិលខូចដែលរំខានដល់ភ្ញៀវដើម្បីការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនទេសចរណ៍ជាតិ-អន្តរជាតិ។
លើសពីនេះ លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ជំរុញសងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន ចាត់វិធានការគ្រប់គ្រង និង ស្រាវជ្រាវទេសចរណ៍គ្រប់ប្រភេទ ដែលប្រព្រឹត្តបទល្មើសប៉ះពាល់ដល់សង្គម និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបន្តស្នើសុំកិច្ចសហការជាមួយក្រសួង-មន្ទីរទេសចរណ៍ និង ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀបចំបញ្ជារ ទទួលព័ត៌មាន និងបណ្តឹងភ្ញៀវទេសចរ។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ក៏បានបង្ហាញថា តាមទិន្នន័យដែលនាយកដ្ឋាននគរបាលទេសចរណ៍ក្នុងឆ្នាំ២០១៨ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២លាននាក់ ប្រៀប ធៀបឆ្នាំ២០១៧ កើនឡើងចំនួន៥៩៧,៨៤៣នាក់ កើន១០, ៦៧% ក្នុងនោះ មានភ្ញៀវទេសចរចិន ចំនួន១,៩លាននាក់ កើន៧០% ហើយ នៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ៣លាននាក់៕