(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ជំងឺរបេង មិនមែនជាជំងឺតំណរពូជនោះទេ វាជាជំងឺឆ្លងតាមរយៈការរស់នៅជាមួយគ្នា ហើយជំងឺនេះព្យាបាលប្រើរយៈពេលយូររហូតដល់ទៅ៦ខែទើបជាដាច់ ដូច្នេះបើប្រជាពលរដ្ឋយើង ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យឯកជន នឹងចំណាយអស់លុយច្រើន ហើយមិនមានប្រសិទ្ធភាពថែមទៀត។
ជាងនេះទៅទៀត រដ្ឋមន្ដ្រី ថ្លែងបន្ដថា «ដោយជាទម្លាប់របស់ប្រជាពលរដ្ឋយើង ឱ្យតែទៅព្យាបាលតែងតែចង់បានការព្យាបាលណាឆាប់ជា។ ដូច្នេះពេលគាត់ទៅទទួលសេវាព្យាបាល នៅមន្ទីរពេទ្យឯកជន គាត់មានសភាពធូរបន្ដិច គាត់នឹងលែងទៅព្យាបាលទៀតហើយ កុំឱ្យអស់លុយច្រើន ដែលកត្ដានេះហើយ ដែលធ្វើឱ្យគាត់ មិនអាចជាដាច់ពីជំងឺរបេង ហើយខានទាំងថវិកាទៀតផង។ ដូចនេះ សូមមន្ទីរពេទ្យឯកជន សហការគ្នាជាមួយមន្ទីរពេទ្យរដ្ឋ ក្នុងការបញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលបាន ការថែទាំព្យាបាលជំងឺរបេងនេះដោយឥតគិតថ្លៃ»។
ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសបើកសន្និបាត ការងារកំចាត់រោគរបេង ឆ្នាំ២០១៨ ទូទាំងប្រទេសលើកទី២៤ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។
ទន្ទឹមនឹងនោះផងដែរ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «មន្ដ្រីក្រុមការងាររបស់យើង បាននឹងកំពុងខិតខំបន្ដទៀត ដើម្បីជំរុញឱ្យការងារនេះទៅដល់គោលដៅ ក្នុងការលុបបំបាត់ជំងឺរបេង នៅឆ្នាំ២០៣០»។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីបានលើកឡើងចំនួន៥ចំនុចផងដែរ ដល់មន្ដ្រីក្រុមការងារ ដើម្បីកំចាត់របេងក្នុងអំឡុងឆ្នាំ ២០១៩-២០២០ខាងមុខនេះ រួមមាន៖
១៖ ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវករណីជំងឺរបេងគ្រប់សណ្ឋានឱ្យបានច្រើន ស្របតាមទិសដៅថ្មីរបស់កម្មវិធីជាតិ-អន្ដរជាតិ
២៖ ត្រូវយកចិត្ដទុកដាក់ ពង្រឹងការអនុវត្ដន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំត្រូវបានបង់ថ្លៃឡើយ ដើម្បីជាការជំរុញលើកទឹកចិត្ដអ្នកជំងឺ ឱ្យឆាប់មកទទួលសេវាព្យាបាលសេវាដូតស៍នេះ ប្រកបដោយគុណភាព
៣៖ ត្រូវខិតខំពង្រឹងបន្ថែម ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ ពិសេសការអង្គេតស្រាវជ្រាវរកជំងឺរបេង ក្នុងចំណោមកុមាររស់នៅជិតសិទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោមអ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សវ័យចំណាស់ និងនៅពន្ធនាគារជាដើម។
៤៖ បន្ដពង្រឹងសហការការងាររបេងស៊ុាថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេងថ្លែងបន្ដថា ការងារនេះ ទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគី ពាក់ព័ន្ធ ស្របតាមខ្លឹមសារនៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា សម្រាប់ទិវាកំចាត់រោគរបេង ពិភពលោក ២៤មីនា ឆ្នាំ២០១៩ ពិសេសការរួមគ្នា ជាមួយដៃគូអភិវឌ្ឍអាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាល ពាក់ព័ន្ធទាំងឡាយ ព្រមទាំងស្ថាប័នមិនមែនសុខាភិបាលផ្សេងទៀត សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត។
សូមជម្រាបថា បើតាមការបញ្ជាក់របស់លោក វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ឆ្នាំ២០១៧ អ្នកជំងឺរបេងថ្មីមានចំនួន១០លានករណី ក្នុងនោះ មានតែ៦លាន ៤សែនករណីប៉ុណ្ណោះ ដែលបានស្រាវជ្រាវរកឃើញ និងរាយការណ៍ដល់ WHO ដូចនេះ ករណីមិនបានស្រាវជ្រាវ ឬរាយការណ៍មានចំនួន ៣៦% ។អ្នកស្លាប់ដោយជំងឺរបេង មានចំនួន ១លាន៣សែននាក់ ចំពោះអ្នកគ្មានផ្ទុកមេរោគអេដស៍ និង៣សែននាក់ស្លាប់ ចំពោះអ្នកជំងឺរបេង-អេដស៍ ។ បច្ចុប្បន្នេះ ជំងឺរបេងជាឃាតករសម្លាប់មនស្សធំជាងគេ ក្នុងចំណោមជំងឺឆ្លង។
លោកបន្ដថា ទោះជាយ៉ាងណាក្ដី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាយើងប្រយុទ្ធនឹងជំងឺរបេង ទទួលបានលទ្ធផលយ៉ាងគួរឱ្យកក់សម្គាល់ និងទទួលបាននូវការកោតសរសើរពីសហគមន៍អន្ដរជាតិទៀតផង ដោយមានការសហការគំាទ្រពីភាគីពាក់ព័ន្ធ ដោយយើងនៅតែរក្សាបានអត្រាព្យាបាលជោគជ័យលើសពី៩០% និងស្រាវជ្រាវជំងឺរបេងសរុបបាន ២៨,៧៥៧ករណី។ អត្រាគ្របដណ្ដប់ការព្យាបាលជំងឺរបេង ដោយយុទ្ធសាស្ដ្រដូតស៍ នៅតែរក្សាបាន១០០% គ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងបុស្ដិ៍សុខភាពទាំងអស់ ដោយបច្ចុប្បន្ន មានសេវាពិនិត្យ និងព្យាបាលរបេង សរុប១៣២៥កន្លែង មណ្ឌលសុខភាពចំនួន៦៤៤ មានសេវាដូតស៍សហគមន៍ និងសេវាជាច្រើនទៀត៕