(កណ្តាល)៖ នារសៀលថ្ងៃពុធ ៧ រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ នៅគេហដ្ឋាននៃសពកញ្ញា ឌុំ រីដា ស្ថិតនៅក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកតាមាក់ បាននាំយកអង្ករនិងថវិកា ដែលជាបច្ច័យដ៏ថ្លៃថ្លារបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកណ្តាល ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពកញ្ញា ឌុំ រីដា ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
ក្នុងគ្រាដ៏សោកសៅនោះ ក្រុមការងារថ្នាក់ជាតិ ពិតជាមានការសោកស្តាយក្រៃលែង ចំពោះការបាត់បង់ធនធានមនុស្សដ៏មានតម្លៃ និងប្រកបដោយសក្តានុពលរបស់សង្គមជាតិ ដែលមានលទ្ធភាពចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ កញ្ញា ឌុំ រីដា ជាកូនស្រី បងស្រី ប្អូនស្រី និងក្មួយ ជាទីស្រលាញ់ប្រកបដោយភាពកត្តញ្ញូ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា សម្រាប់គ្រួសារ និងសាច់ញាតិ។ ក្រុមការងារថ្នាក់ជាតិ សូមបួងសួងឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធកញ្ញា ឌុំ រីដា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕