(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានរួមគ្នារៀបចំផ្សព្វផ្សាយស្តីអំពី « ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការពារ អ្នកប្រើប្រាស់» ដល់ក្រុមអាជីវករ ដើម្បីណែនាំឲ្យយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ក្នុងគោលបំណង នៃការផ្សព្វផ្សាយនេះ ដើម្បីណែនាំដល់អ្នកនាំចូល អ្នកផលិត អ្នកចែកចាយម្ហូបអាហារ ឲ្យមានការយល់ដឹងអំពី ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារ ផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ក៏ដូចជាកង្វះអនាម័យ ក្នុងម្ហូបអាហារជាដើម។

លោកថា អាជីវករត្រូវសហការ ធ្វើយ៉ាងណាទប់ស្កាត់របស់ខូចគុណភាព និងត្រូវលក់ជូនអ្នកប្រើប្រាស់នូវអាហារ ដែលមានគុណភាពល្អ ព្រោះជំងឺយើងមិនអាចមើលឃើញនោះទេ។ ដូច្នេះការគ្រប់គ្រងអាជីវកម្ម ជារឿងសំខាន់ ដើម្បីប្រាកដថាការគ្រប់គ្រងសុវត្ថិភាព ចំណីអាហាររបស់យើងមានសុវត្ថិភាព។ ក្នុងន័យនេះលោកថា ការចូលរួមរបស់អាជីវករ និងបងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីសុវត្ថិភាពម្ហូបអាហារ និងការពារអ្នកប្រើប្រាស់របស់យើងទទួលបានជោគជ័យ ព្រោះបើគ្មានការចូលរួមពីពួកគាត់ ក៏មិនទទួលបានជោគជ័យនោះដែរ។

លោក គឹម មាសសុខសីហា អគ្គនាយករងអគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា បញ្ហាសុវត្ថិភាពម្ហូបអាហារ និងបញ្ហាផលិតផលសុទ្ធតែបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាព នៃជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ យើងគ្រប់មជ្ឈដ្ឋានជាន់ថ្នាក់ទាំងអស់ថា មិនមែនតែពួកយើងដែលជាសមត្ថកិច្ចមិនមែន ដែលជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឬក៏អ្នករកស៊ីលក់ដូរ របស់អាជីវករ អ្នកវិនិយោគកម្ពុជា ពលរដ្ឋទូទៅទាំងអស់គ្នាសុទ្ធតែមានភាពជាប់ពាក់ព័ន្ធ ជាមួយនឹងបញ្ហាម្ងូបអាហារ ក៏ដូចជា ផលិតផលប្រើប្រាស់ផ្សេងៗ ក្រៅពីម្ហូបអាហារផងដែរ។

លោកបានបន្ថែមថា បញ្ហាសុវត្ថិភាពម្ហូបអាហារនេះ មិនមែនមានត្រឹមតែអ្វី ដែលយើងកង្វល់សម្រាប់តែកម្ពុជាមួយទេ គឺការកង្វល់ទាក់ទង ជាមួយនឹងមួយនិងសុវត្ថិភាព ផ្នែកផលិតផលម្ហូបអាហារ ក៏ដូចជាផលិតផលប្រើប្រាស់ផ្សេងទៀត គឺជាបញ្ហារួម បញ្ហាសកល ហើយបញ្ហាដោយសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា ករណីកម្រ ជាយថាហេតុ ពិសេសបញ្ហាពុលចំណី គឺមិនមែនកើតមានឡើង នៅតែកម្ពុជាទេនោះ ទេសូម្បីតែប្រទេសជឿនលឿន ដែលមានបច្ចេកវិទ្យានវិទ្យាសាស្ត្រជឿនលឿន មន្ទីរពិសោធន៍ ប្រទេសរីកចម្រើនខ្លាំង ដូចជាអាមេរិកជាដើមនោះ ក៏នៅតែមានករណីមួយឆ្នាំៗ មានករណីពុលអាហារ ដល់អាយុជីវិតច្រើនផងដែរ។ ដូច្នេះហើយបានជាយើងចាត់ទុក វិធានការនេះ ធ្វើយ៉ាងម៉េចបង្ការកុំអោយមានបាតុភាព កើតឡើងជាយថាហេតុការ កាត់បន្ថយហានិភ័យ ឬក៏កាត់បន្ថយគ្រោះថ្នាក់ទាកទង ជាមួយនឹងកត្តាអ្វីខ្លះ? ដែលនាំឲ្យថ្នាក់ដល់សុខភាព ពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ។

ចំណែកលោក ឌឹម ថេង បានឲ្យដឹងថា អាហារគឺជាសារជាតិ និងជាប្រភពទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់គ្នា ដូច្នេះវាសំខាន់ណាស់ដែលយើងមិនអាចអត់អាហារបានទេ ដើម្បីរស់រានមានជីវិត។ លោកបន្តថា សុវត្ថិភាពម្ហូបអាហារ គឺម្ហូបអាហារណាមិនបង្កឲ្យមានការប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់ នៅពេលដែលត្រូវបានវេចខ្ចប់ ឬបរិភោគស្របតាមតម្រូវការ នៃការទទួលទាន។

លោកក៏បានអំពាវនាវឲ្យអាជីវករពាណិជ្ជករ បន្តកិច្ចសហការជាមួយ សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងរួមចំណែកអនុវត្តតាមគោលការណ៍ ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕